ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានចុះពិនិត្យគំរោងវិនិយោគចំនួន២២បន្ថែមទៀត

0

ដោយៈ គង់ សូរិយា

      ព្រះសីហនុៈ ក្រុមការងារជម្រុញការវិនិយោគ ខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុន បានចុះត្រួតពិនិត្យគម្រោងវិនិយោគស្នើសុំការលើកទឹកចិត្ត ចំនួន២២គម្រោងបន្ថែមទៀត។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារជំរុញការវិនិយោគ ទទួលបានសំណើសុំការលើកទឹកចិត្តចំនួន១៧៣គម្រោង ក្នុងនោះគម្រោងដែលទទួលបាន “លិខិតអនុញ្ញាតជាគោលការណ៍ ”មានចំនួន១៣៩គម្រោងហើយ។

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤កន្លងមក ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ៥៩០ លានដុល្លារអាមេរិកជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។

លោកបន្តថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាកា​ល​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ កន្លងមក ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានទទួលសំណើសុំការលើកទឹកចិត្តចំនួន១៥៧គម្រោង ក្នុងនោះគម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស មានចំនួន១៣៣គម្រោង។

ខេត្តព្រះសីហនុ មានគំរោងអាគារជាប់គាំងរាប់រយគំរោង បន្ទាប់ពីទីក្រុងនេះ បានបិទហ្គេមអនឡាញ ព្រមទាំងការមកដល់នៃវិបត្តិកូវីដ១៩ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះ បានផ្លាស់ប្តូរគួរឲ្យកត់សំគាល់ បន្ទាប់ពីទីក្រុងនេះបានរះឡើង ក្នុងរយៈពេលប្រមា​ណ៤ឆ្នាំប៉ុណ្ណោះ។

ខេត្តព្រះសីហនុ និងខេត្តជាប់តំបន់ឆ្នេរដទៃទៀត ត្រូវបានសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តី នៃកម្ពុជាប្រសិទ្ឋនាមថាជា “តារារះនាទិសនារតី”។

លោកម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននិងកំពុងខិតខំ ធ្វើឲ្យបរិយា​កាសវិនិយោគរបស់ទីក្រុងនេះ កាន់តែប្រសើរឡើង តាមរយៈការប្តេជ្ញាគាំទ្រកម្មវិធីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ការធ្វើឲ្យប្រសើរឡើង នូវសណ្តាប់ធ្នាប់សាធារណៈ ការផ្តោតលើបញ្ហាសន្តិសុខយ៉ាងតឹងរ៉ឹង ព្រមទាំងបង្កបរិយាកាសសប្បា​យរីករាយ ដល់ភ្ញៀវទេ​សចរណ៍ជាតិ អន្តរជាតិ ដែលបាននិងកំពុងធ្វើដំណើរកំសាន្ត ទៅកាន់ទីក្រុងនេះកើនឡើងជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here