អ្នកជំនាញអន្តរជាតិៈ អ្នកវិនិយោគអចលនទ្រព្យបរទេសចាប់ផ្តើមវិលត្រលប់មកកាន់កម្ពុជាបណ្តើរៗហើយ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា អ្នកវិនិយោគចិន និងជនបរទេសមួយចំនួនទៀត បានឈានជើងនិងកំពុងមើលឃើញឱកាស ក្នុងទីផ្សារកម្ពុជាបណ្តើរៗហើយ។

នាយកប្រតិបត្តិក្រុមហ៊ុនPropNex Cambodia លោកAlan Neoបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី១៥ តុលានេះថា ស្របពេលទីផ្សារនេះ កំពុងមានសភាពយឺតយ៉ាវ ហើយអ្នកវិនិយោគក្នុងស្រុក ពួកគេកំពុងមានវិបត្តិលំហូរសាច់ប្រាក់ លោកបានងាកទៅកាន់ទីផ្សារបរទេស ដើម្បីផ្សព្វផ្សាយនិងទាក់ទាញអ្នកវិនិយោគអន្តរជាតិមកកាន់កម្ពុជា។

លោកបន្តថា “ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុចិនមួយចំនួន បានឈានជើង មកកាន់រាជធានីភ្នំពេញ ហើយពួកគេមានអា​រម្មណ៍ភ្ញាក់ផ្អើល និងមើលឃើញឱកាសក្នុងទីផ្សារនេះ”។​លោកបន្តថា “អ្នកវិនិយោគបរទេសមួយចំនួនទៀត ពួកគេកំពុងសម្លឹ​ងមកកាន់កម្ពុជាផងដែរ”។

លោកAlan Neoបានបន្តថា ស្របពេលមានបាក្យចចា​មអារ៉ាមជាច្រើន បាននិយាយមិនល្អពីកម្ពុជា យើងត្រូវបង្កើនការផ្សព្វផ្សាយពីភាពវិជ្ជមាននៅទីនេះ ពីឱកាសរីកចម្រើន និងការស្វែងរកផលចំណេញបានពីទីផ្សារនេះ។

លោកបញ្ជាក់ថា “អ្នកវិនិយោគចិនកាន់តែច្រើន នឹងឈានជើងមកកម្ពុជានៅឆ្នាំ២០២៥ ២០២៦ខាងមុខកាន់តែច្រើន”។ លោកបន្តថា “ទីផ្សារនេះមានឱកាសរីកចម្រើនជាថ្មី ស្របពេលអ្នកអភិវឌ្ឍន៍ជាច្រើន ពួកគេនៅតែមានទំនុកចិត្តលើទីផ្សារកម្ពុជា ដែលនឹងមានឱកាសងើបឡើង នាពេលអនាគតឆាប់ៗនេះ”។

ជាមួយគ្នានេះ លោកបណ្ឌិតAlbert Tan ស្ថាបនិកស្ថាប័នAPC ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងតែងតែនាំអ្នកវិនិយោគពីប្រទេសចិន តៃវ៉ាន់ កូរ៉េ សឹង្ហបុរីមកកាន់កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា យុគមាសនឹងកើតមាននៅកម្ពុជាជាថ្មីម្តងទៀត សម្រាប់ទីផ្សារអចលនវត្ថុកម្ពុជា ស្របពេលប្រទេសនេះ មានភាពអំណោយផលដ៏ច្រើនលើច្បាប់វិនិយោគ ដែលអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋបើកក្រុមហ៊ុន១០០ភាគរយ អ្នកវិនិយោគអាចយកលុយចំណេញចេញបាន កំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ កំណើនប្រជាសាស្រ្តនៅប្រទេសនេះ ការចាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ និងភាពទាក់ទាញផ្នែកភូមិសាស្រ្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here