ផ្លូវរថភ្លើងលើអាកាសនៅក្នុងប្រទេសឥណ្ឌូនេស៊ីគ្រោងបើកដំណើរការនៅខែក្រោយនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya Sumadi បានប្រកាសថា ផ្លូវរថភ្លើងលើអាកាសដ៏វែងបំផុតរបស់ឥណ្ឌូនេស៊ី ស្ថិតនៅចំណុចប្រសព្វJoglo នៅក្នុងទីក្រុង Solo នៃខេត្ដ Central Java គ្រោងនឹងចាប់ផ្តើមដំណើរការ នៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខ។

លោកបានធ្វើសេចក្តីថ្លែងការណ៍ ឱ្យដឹងបែបនេះ ក្នុងកំឡុងពេលលោកបានចុះ ពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍ ដោយលោក បានធ្វើដំណើរចាកចេញពីស្ថានីយ៍ Kadipiro ដើម្បីត្រួតពិនិត្យមើលផ្លូវដែក។

យ៉ាងណាមិញ លោកបានកត់សម្គាល់ថា ក្រសួងរបស់លោក នឹងសហការជាមួយក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈជាមុនសិន ដើម្បីធ្វើការតេស្តទម្ងន់នៅថ្ងៃទី២៣ និងទី២៤ ខែតុលា ដើម្បីធានាបាននូវសមត្ថភាពផ្ទុកទម្ងន់របស់ផ្លូវដែក។

លោក​បាន​បន្ថែម​ថា “កាលបរិច្ឆេទ នៃការគ្រោងបើកដាក់ឱ្យប្រើប្រាស់​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​តេស្តសាកល្បង”។

​លោក Sumadi បានបង្ហាញក្តីសង្ឃឹមថា ការកកស្ទះចរាចរណ៍ ដែលកើតឡើងនៅចំណុចប្រសព្វ Joglo នៅក្នុងទីក្រុង Solo នៃខេត្ដ Central Java នឹងត្រូវបានកាត់បន្ថយ នៅពេលផ្លូវដែកលើអាកាសបើកដំណើរការ និងនៅពេលផ្លូវក្រោមដីត្រូវបានសាងសង់បញ្ចប់រួចរាល់។

លោក Sumadi បានលើកឡើងថា គម្រោងផ្លូវដែកលើអាកាសនេះ ត្រូវបានសាងសង់ឡើង ​ក្រោមទុនវិនិយោគប្រមា​ណ៧៦,៧លានដុល្លារអាមេរិក  ដែលនឹងជួយសម្រួលដល់ការធ្វើដំណើររវាងទីក្រុងSolo និងទីក្រុង Semarang របស់ខេត្ត Central Java។

យោងតាមគេហទំព័រ របស់ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានឱ្យដឹងថា ផ្លូវរថភ្លើងលើអាកាសនេះ លាតសន្ធឹងប្រវែង១,៨គីឡូម៉ែត្រ ដោយក្លាយជាផ្លូវដែកលើអាកាស ដែលវែងជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោក​បាន​បន្ថែម​ថា ផ្លូវ​រថភ្លើង​លើអាកាស​នេះ ​ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​បង្ហាញ​នូវ​និមិត្តសញ្ញា​ នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​ទីក្រុង Solo ដូចជា ក្រណាត់សូត្រ Sidomukti batik ផ្សារ Klewer Market និងរាជវាំង Keraton៕ប្រភព: Antara News៕

LEAVE A REPLY

Please enter your comment!
Please enter your name here