ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅប្រទេសសិង្ហបុរី បានស្ទះងើបឡើងវិញបន្តិច កាលពីខែកញ្ញាកន្លងទៅ ដោយសារលំហូរនៃការផ្គត់ផ្គង់ផ្ទះថ្មី និងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)។
អ្នកអភិវឌ្ឍន៍សិង្ហបុរី បានលក់ផ្ទះចំនួន៤០១យូនីតក្នុងខែកញ្ញា។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែតុលាដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)របស់រដ្ឋាភិបាលសិង្ហបុរី។
-->
តួលេខខាងលើនេះ មានការកើនឡើងជិត២ដង បើធៀបនឹងចំនួនផ្ទះ ដែលអ្នកអភិវឌ្ឍន៍សិង្ហបុរី បានលក់ចេញកាលពីខែសីហា និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា។
ដោយឡែក បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទំហំនៃការវិនិយោគអចលនទ្រព្យ នៅប្រទេសសិង្ហបុរី បានកើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ។
ការទិញ-លក់អចលនទ្រព្យនៅសិង្ហបុរី សម្រេចបានទំហំទឹកប្រាក់សរុបចំនួន៨,៣ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ កើនឡើង២៤,៨ភាគរយ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ និងកើនឡើង៣០,៥ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។
ក្នុងនោះ ការទិញ-លក់អចលនទ្រព្យ បែបឧស្សាហកម្មមានស្ថានភាពល្អជាងគេបំផុត។ នៅត្រីមាសទី៣ ការលក់អចលនទ្រព្យឧស្សាហកម្ម បានកើនឡើង៥៦៧,៦ភាគរយធៀបនឹងត្រីមាសទី២ ដល់ទំហំទឹកប្រាក់២,៥ពាន់លានដុល្លារ។
ទីភ្នាក់ងារ Knight Frank បានវាយតម្លៃថា ទីផ្សារអចលនទ្រព្យទាំងមូលនៅសិង្ហបុរី ហាក់មានភាពប្រសើរឡើង បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនចំនួន០,៥ភាគរយ នៅថ្ងៃទី១៨ ខែកញ្ញា។
ទីភ្នាក់ងារ Knight Frank ព្យាករណ៍ថា សន្ទុះនៃការទិញ-លក់អចលនទ្រព្យ នឹងមានភាពប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយការវិនិយោគអចលនទ្រព្យ សរុបនឹងសម្រេចបានទំហំទឹកប្រាក់ ចន្លោះពី២៣ពាន់លានដុល្លារទៅ២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤នេះ៕ប្រភព: Bloomberg៕
