ចិនកំពុងរកដីប្រមាណ ៥០០ ហិកតា បង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់នៅកម្ពុជា

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ អ្នកវិនិយោគមកពីប្រទេសចិនកំពុងស្វែងរកដីចន្លោះពី ៤០០ ទៅ ៥០០ ហិកតា និងសិក្សាលទ្ធភាពស្វែងរកទីតាំងបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់នៅកម្ពុជា ដើម្បីសាងសង់បណ្តុំរោងចក្របំរើឧស្សាហកម្មនេះ ។

តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រចិន  លោកបណ្ឌិត Wang Dongsheng បានថ្លែងលើកឡើងក្នុងជំនួបជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីម្សិល​ម៉ិញ​នេះថា គម្រោងនៃការបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់នៅកម្ពុជាថ្មីនេះ គឺភាគីចិនត្រូវការផ្ទៃដីសាងសង់រោងចក្រចន្លោះពី ៥០០ ទៅ ៦០០ ហិកតា ដើម្បីសាងសង់បណ្តុំរោងចក្រមួយចំនួន មានដូចជា រោងចក្រផលិតទឹកស្អាត និងឧបករណ៍ បរិស្ថាន រោងចក្រផលិតអាលុយមីញ៉ូម ដែលជាធាតុផ្សំសំរាប់ផលិតជាវត្ថុធាតុដើម បម្រើឲ្យការផលិតទឹកស្អាត សួនឧស្សាហកម្មគីមី រោងចក្រថ្នាំពេទ្យ សាលាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាជាន់ខ្ពស់ និងសកលវិទ្យាល័យជាដើម ។

លោក Wang Dongsheng បានបន្តថា “គម្រោងការបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដែលបណ្តុំរោងចក្រដ៏ធំមួយនេះ គឺភាគីចិនបានសិក្សាលទ្ធភាពអនុវត្តន៍គម្រោង ដោយគ្រោងជ្រើសរើសយកទីតាំងនៅក្នុងក្រុងកំពត ខេត្តកំពត ដែលជាតំបន់មួយបានកំណត់យកជាបណ្តើរៗផងដែរ” ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ឋ គាំទ្រចំពោះចំពោះគម្រោងការដ៏ធំនេះ ហើយចាត់ទុកជាការប្រសើរណាស់ បើសិនជាក្រុមហ៊ុនអាចស្វែងរកទីតាំងបាននៅខេត្តកំពតបាន ។ ក្រៅពីទីតាំងនៅក្នុងខេត្តនេះដែរ លោកក៏បានណែនាំឲ្យពិនិត្យលទ្ធភាព នៅខេត្តកំពង់ស្ពឺ និងជាពិសេសនៅខេត្តព្រះសីហនុ ដែលជាខេត្តត្រូវបានរាជរដ្ឋាភិបាល កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅក្នុងខេត្តទាំងមូលពីព្រោះជាខេត្តមានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ មានបណ្តាញផ្លូវគោក មានផែ ផ្លូវរថភ្លើង និងមានព្រលានយន្តហោះ ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ដោយសារកម្ពុជាមានតម្រូវការ ផ្នែកវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត គឺប៉ូលីអាលុយមីញ៉ូមក្លរ៉ៃ ហៅកាត់ថា ភីអេស៊ី (PAC) លោកស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពកសាងរោងចក្រផលិតជាតិ PAC ដែលជាសារធាតុ ម៉្យាងសម្រាប់ចាប់កករក្នុងទឹក នៅទីតាំងផ្ទៃដីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here