ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិន និងឡាវបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី ដោយផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយមហិច្ឆិតានៃច្រករបៀងអភិវឌ្ឍន៍តភ្ជាប់រវាងប្រទេសទាំងពីរ និងប្រទេសថៃ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង នេះ បន្ទាប់ពីប្រទេសថៃក៏បានឯកភាពចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ។
ភាគីទាំងពីរបានឯកភាពជំរុញប្រតិបត្តិការ ជួសជុលថែទាំ និងអភិវឌ្ឍន៍ផ្លូវដែកចិន-ឡាវប្រកបដោយគុណភាពខ្ពស់ និងខិតខំជំរុញឱ្យមានការតភ្ជាប់រវាងផ្លូវដែកចិន-ឡាវ និងផ្លូវដែកថៃប្រកបដោយស្តង់ដារខ្ពស់។
បណ្តាប្រទេសទាំង៣ក៏បានព្រមព្រៀងគ្នាក្នុងការជំរុញការអនុវត្តន៍ចក្ខុវិស័យច្រករបៀងអភិវឌ្ឍន៍ការតភ្ជាប់ចិន-ឡាវ-ថៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ប្រទេសចិន។
ប្រទេសចិនបានស្វាគមន៍ចំពោះការបង្ហាញចំណាប់អារម្មណ៍របស់ភាគីឡាវក្នុងការសហការគ្នាជាមួយក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មរបស់ចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសឡាវប្រើប្រាស់យន្តហោះទាំងនេះ។
ប្រទេសទាំងពីរក៏នឹងពង្រឹងបន្ថែមទៀតនូវការដោះដូរពាណិជ្ជកម្ម និងប្តេជ្ញាបង្កើនទំហំ និងកម្រិតពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសជិតខាងទាំងពីរ។
ប្រទេសចិន និងឡាវគ្រោងនឹងធ្វើការរួមគ្នាដើម្បីអនុវត្តន៍ពន្ធសូន្យលើផលិតផលឡាវ១០០% ដែលត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងជំរុញឱ្យមានការនាំចេញផលិតផលកសិកម្ម និងអាហាររបស់ឡាវដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិនបន្ថែមទៀត។
ចំណុចលេចធ្លោនៃសេចក្តីថ្លែងការណ៍រួម រួមមាន ការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ផ្លូវដែកចិន-ឡាវដែលមានគុណភាពខ្ពស់ ការបង្កើតកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ពង្រាយយន្តការត្រួតពិនិត្យព្រំដែនរួមគ្នា និងលើកកម្ពស់ការតភ្ជាប់ជាមួយប្រព័ន្ធផ្លូវដែកថៃ ដើម្បីសម្រេចឱ្យបានឆាប់នូវច្រករបៀងអភិវឌ្ឍន៍តភ្ជាប់ប្រទេសទាំង៣។
សេចក្តីថ្លែងការណ៍រួមនេះ ជាការបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅមុខនៅក្នុងយុទ្ធសាស្ត្រនៃការតភ្ជាប់ក្នុងតំបន់របស់រដ្ឋាភិបាលចិន និងបើកចំហនូវទស្សនវិស័យនៃការអភិវឌ្ឍន៍ថ្មីដល់ប្រទេសឡាវ ខណៈឡាវកំពុងខិតខំប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម៕ប្រភព:Asia News Network៕