កូរ៉េខាងត្បូងគ្រោងអនុញ្ញាតឱ្យពលករកម្ពុជាអាចធ្វើការងារជាអ្នកមើលថែទាំកុមារនៅរដ្ឋធានីសេអ៊ូល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលក្រុងសេអ៊ូលគ្រោងអនុញ្ញាតឱ្យកម្មករមកពីកម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀតអាចបម្រើការងារជាអ្នកមើលថែទាំកុមារ(Caregiver)។

កន្លងមក គេសង្កេតឃើញថា មានតែកម្មករមកពីប្រទេសហ្វីលីពីនប៉ុណ្ណោះ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េអនុញ្ញាតឱ្យធ្វើការងារជាអ្នកមើលថែទាំបាន។

លោកអភិបាលក្រុងសេអ៊ូលក៏បានកត់សម្គាល់ផងដែរថា ទីក្រុងនឹងធ្វើការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងរកលទ្ធភាពក្នុងការជួលអ្នកមើលថែទាំផ្ទាល់ជាប្រចាំឱ្យស្នាក់នៅផ្ទះជាមួយអ្នកត្រូវការការមើលថែ និងពង្រីកកម្មវិធីមេដោះ ដើម្បីរួមបញ្ចូលសេវាថែទាំសម្រាប់មនុស្សចាស់ និងអ្នកជំងឺ។

រដ្ឋបាលទីក្រុងសេអ៊ូលបាននិងកំពុងអនុវត្តន៍កម្មវិធីសាកល្បង ដើម្បីជួលអ្នកមើលថែទាំជាជនបរទេសនៅក្នុងរដ្ឋធានី ដោយសហការជាមួយក្រសួងការងារកូរ៉េខាងត្បូង។

គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់ឪពុកម្តាយជាជនជាតិកូរ៉េខាងត្បូងក្នុងការមើលថែទាំកូនរបស់ពួកគេ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការធ្លាក់ចុះនៃអត្រាកំណើតនៅក្នុងប្រទេសមួយនេះ។

កម្មករសរុបចំនួន១០០នាក់មកពីប្រទេសហ្វីលីពីនបានចាប់ផ្តើមធ្វើការងារជាមេដោះនៅដើមខែកញ្ញាកន្លងទៅសម្រាប់រយៈពេលប្រាំមួយខែ។

លោក Oh Se-hoon បានអះអាងថា យើងមានកម្មវិធីជួលអ្នកមើលថែទាំជាជនបរទេសរួចស្រាប់ទៅហើយ។ប៉ុន្តែ កម្មវិធីនេះទាមទារភាពចម្រុះ និងការកែប្រែកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រទេសកូរ៉េខាងត្បូង។

លោក Oh បានលើកឡើងថា “យើងត្រូវពិចារណាលើប្រទេសនានាដូចជាកម្ពុជា និងប្រទេសអាស៊ានផ្សេងទៀត ដោយដាក់ឱ្យអនុវត្តន៍ប្រព័ន្ធមួយ ដែលកម្មករមកពីប្រទេសផ្សេងៗអាចប្រកួតប្រជែងគ្នាដើម្បីកំណត់នូវអ្វីដែលសមស្របបំផុតនឹងស្ថានភាពរបស់យើង”។

យ៉ាងណាមិញ ការកំណត់ប្រាក់ឈ្នួលជាបញ្ហាដ៏ចម្រូងចម្រាស ចាប់តាំងពីការចាប់ផ្តើមអនុវត្តន៍កម្មវិធីសាកល្បងនេះ។ តួយ៉ាង លោក Oh គាំទ្រការកាត់បន្ថយប្រាក់ឈ្នួលសម្រាប់អ្នកមើលថែទាំជាជនបរទេស ដើម្បីធ្វើឱ្យប្រជាជនកូរ៉េមានលទ្ធភាពជួលសេវាថែទាំកុមារ ។ប៉ុន្តែ ក្រសួងការងារកូរ៉េអះអាងថា ប្រព័ន្ធបែបនេះនឹងរំលោភលើស្តង់ដារអង្គការពលកម្មអន្តរជាតិ (ILO)។

ដើម្បីដោះស្រាយបញ្ហាប្រាក់ឈ្នួល អភិបាលក្រុងសេអ៊ូលបានណែនាំផែនការមួយផ្សេងទៀតដើម្បីពិចារណាអនុញ្ញាតឱ្យអ្នកមើលថែទាំជាជនបរទេសអាចរស់នៅក្នុងគ្រួសារដែលពួកគេបម្រើ។

តាមរយៈកម្មវិធីសាកល្បងនាពេលបច្ចុប្បន្ន អ្នកមើលថែទាំជាជនជាតិហ្វីលីពីនត្រូវបានសម្រេចឱ្យស្នាក់នៅក្នុងទីតាំងស្នាក់នៅដែលបានកំណត់ និងធ្វើដំណើរទៅ និងមកពីគ្រួសារដែលពួកគេធ្វើការ៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here