ការលក់អចលនទ្រព្យរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ធំៗនៅប្រទេសចិនស្ទុះងើបឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អចលនទ្រព្យរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សមួយចំនួននៅប្រទេសចិនបានកើនឡើងក្នុងខែកញ្ញា បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញនូវកម្មវិធីមួយដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក។

តួយ៉ាង ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានរាយការណ៍ពីកំណើននៃការលក់អចលនទ្រព្យចំនួន១៣,១ភាគរយក្នុងខែកញ្ញាធៀបនឹងខែសីហា គិតជាទឹកប្រាក់ចំនួន២,៩ពាន់លានយ័ន(ប្រហែល៤១៥,៤លានដុល្លារអាមេរិក)។ នេះបើយោងតាមឯកសារផ្ញើទៅកាន់ផ្សារហ៊ុនក្រុងហុងកុង។

ប៉ុន្តែ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការលក់របស់ក្រុមហ៊ុនShimao បានកើនឡើង៤៥,៥ភាគរយ ដោយសារទំនុកចិត្តបានប្រសើរឡើង បន្ទាប់ពីធនាគារកណ្តាលចិនកាលពីខែមុន បានកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ និងបញ្ចុះទំហំប្រាក់កក់ ខណៈរដ្ឋបាលក្នុងតំបន់មូលដ្ឋានបានបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកទិញផ្ទះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនយក្ស China Vanke បានកត់ត្រាការលក់ផ្ទះថ្មីដែលមានតម្លៃសរុបចំនួន១០ពាន់លានយ័នក្នុងអំឡុងថ្ងៃឈប់សម្រាក“សប្តាហ៍មាស”ពេញមួយសប្តាហ៍នៅដើមខែតុលា។

ចំណែក ក្រុមហ៊ុន Country Garden បានអះអាងថា ចំនួនអតិថិជន ដែលចាប់អារម្មណ៍លើគម្រោងអចលនទ្រព្យរបស់Country Garden ដោយបានបង់ប្រាក់កក់ទុក បានកើនឡើង៣៤ភាគរយធៀបនឹងថ្ងៃឈប់សម្រាកនៃសប្តាហ៍មាសលើកទី១កាលពីខែឧសភា។

កាលពីចុងសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន មិនបានផ្តល់នូវកញ្ចប់ជំរុញផ្នែកសារពើពន្ធនោះទេ។ ផ្ទុយទៅវិញ ក្រសួងបានលើកទឹកចិត្តឱ្យរដ្ឋបាលក្នុងតំបន់ទិញផ្ទះដែលលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍ និងបោះផ្សាយលក់មូលបត្របំណុលពិសេស។

លោកស្រី Wang Xingping អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Fitch Bohua បានលើកឡើងថា “ប្រសិនបើមូលនិធិ ដែលប្រមូលបានពីការលក់មូលបត្របំណុលពិសេស អាចយកទៅប្រើប្រាស់ដើម្បីទិញផ្ទះពីអ្នកអភិវឌ្ឍន៍ នោះវិធីនេះនឹងដោះស្រាយបញ្ហានៃប្រភពមូលនិធិរបស់រដ្ឋបាលក្នុងតំបន់សម្រាប់ការទិញអចលនទ្រព្យ”។

លោកស្រីបន្តថា “ជាលទ្ធផល ការធ្វើបែបនេះនឹងជួយជំរុញការលក់អចលនទ្រព្យរបស់អ្នកអភិវឌ្ឍន៍ និងបន្ធូរបន្ថយសម្ពាធសាច់ប្រាក់ងាយស្រួលរបស់ពួកគេ”។

តែទោះជាយ៉ាងណា ក្នុងការអនុវត្តន៍ជាក់ស្តែង រដ្ឋបាលក្នុងតំបន់មូលដ្ឋានបានប្រកាសទិញយកផ្ទះដែលលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍ក្នុងតម្លៃថោក ដែលជាហេតុនាំឱ្យអ្នកអភិវឌ្ឍន៍មួយចំនួនស្ទាក់ស្ទើរក្នុងការលក់ចេញ។

លោកស្រី Wang បន្ថែមថា ប្រសិទ្ធភាពនាពេលអនាគតនៃគោលនយោបាយទាំងនេះនឹងអាស្រ័យពឹងផ្អែកលើការធ្វើឱ្យមានតុល្យភាពនៃផលប្រយោជន៍របស់គ្រប់ភាគីទាំងអស់ទាំងរដ្ឋបាលមូលដ្ឋាន និងអ្នកអភិវឌ្ឍន៍៕ប្រភព:SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here