ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហុងកុងគ្រោងនឹងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យចំពោះពលរដ្ឋមកពីបណ្តាប្រទេសអាស៊ានចំនួន៣ ដែលដាក់ពាក្យស្នើសុំទិដ្ឋាការចូលមកកាន់ទីក្រុងហុងកុងបានច្រើនលើក(Multiple-entry visa)ក្នុងគោលបំណងនៃការធ្វើដំណើរ និងអាជីវកម្ម។
បណ្តាប្រទេសទាំង៣នោះ រួមមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារពត៌មាន xinhua កាលពីថ្ងៃពុធម្សិលមិញនេះ។
សុពលភាពនៃទិដ្ឋាការសម្រាប់ពលរដ្ឋមកពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ នឹងត្រូវបានពង្រីកដល់រយៈពេល៣ឆ្នាំ។ លោក Lee បានថ្លែងសុន្ទរកថាគោលនយោបាយរបស់លោកទៅកាន់ក្រុមប្រឹក្សានីតិប្បញ្ញត្តិហុងកុងថាវិធានការនេះក៏បានអនុវត្តន៍ចំពោះជនជាតិវៀតណាម ដែលទទួលបានអត្ថប្រយោជន៍ពីការបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការចាប់តាំងពីឆ្នាំមុន។
-->
លោក Lee បានអះអាងថា ចំណាត់ការថ្មីនេះមានគោលដៅដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន។ រដ្ឋបាលហុងកុងនឹងពន្លឿនដំណើរការនៃការទទួលពាក្យស្នើសុំទិដ្ឋាការពីសំណាក់ភ្ញៀវទេសចរណ៍នៃបណ្តាប្រទេសអាស៊ានដែលបានដាក់ជូនតាមរយៈភ្នាក់ងារទេសចរណ៍ក្នុងស្រុក។
លោក Lee បានបន្តថា ដើម្បីទាក់ទាគប្រភពភ្ញៀវទេសចរណ៍មកពីតំបន់មជ្ឈិមបូព៌ា និងអាស៊ាន រដ្ឋបាលហុងកុងនឹងជំរុញយ៉ាងសកម្មនូវផ្នែកផ្សេងៗនៃសហគមន៍ ដើម្បីបង្កើនវិធានការគាំទ្រវិស័យទេសចរណ៍ សំដៅបង្កើតបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។
វិធានការគាំទ្រភ្ញៀវទេសចរណ៍មកពីតំបន់មជ្ឈឹមបូព៌ា រួមមាន ការផ្តល់ព័ត៌មាននៅអាកាសយានដ្ឋានជាភាសាអារ៉ាប់ និងចងក្រងបញ្ជីភោជនីយដ្ឋាន ដែលផ្តល់អាហារបែបហាឡាល់។
លើសពីនេះ រដ្ឋបាលទីក្រុងហុងកុងក៏បានប្រកាសលុបចោលលក្ខខណ្ឌតម្រូវឱ្យភ្ញៀវទេសចរណ៍ផ្តល់ប័ណ្ណមកដល់ ឬចេញដំណើរ ដើម្បីជួយសម្រួលដល់នីតិវិធីអន្តោប្រវេសន៍ឱ្យកាន់តែលឿន និងមានភាពងាយស្រួលជាងមុន៕ប្រភព: Xinhua៕
