បំណុលសាធារណៈសរុបរបស់ពិភពលោកនឹងកើនឡើងដល់ចំនួន១០០ភាគរយនៃ GDP សកលនៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ថា បំណុលសាធារណៈសរុបរបស់ពិភពលោកនឹងកើនឡើងដល់ទំហំទឹកប្រាក់លើស១០០ទ្រីលានដុល្លារជាលើកដំបូងនៅឆ្នាំនេះ ហើយអាចនឹងកើនឡើងលឿនជាងការព្យាករណ៍។

របាយការណ៍តាមដានសារពើពន្ធថ្មីចុងក្រោយរបស់ IMF បានបង្ហាញថា បំណុលសាធារណៈសកលនឹងកើនឡើងដល់ចំនួន៩៣% នៃផលទុនជាតិសរុប(GDP)របស់ពិភពលោកនៅចុងឆ្នាំ២០២៤ និងបន្តកើនឡើងដល់១០០%នៃ GDP សកលនៅឆ្នាំ២០៣០។

បំណុលសាធារណៈសរុបរបស់ពិភពលោកធ្លាប់បានកើនឡើងដល់ចំនួន៩៩ភាគរយនៃទំហំផលទុនជាតិសរុប(GDP) របស់ពិភពលោកក្នុងកំឡុងពេលផ្ទុះវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្ខំឱ្យរដ្ឋាភិបាលទូទាំងពិភពលោកបង្កើនថវិកាចំណាយដើម្បីទប់ទល់នឹងវិបត្តិ។នេះបើយោងតាមការដកស្រង់ដោយសារពត៌មាន Reuters។

ការព្យាករណ៍នេះត្រូវបានចេញផ្សាយមួយសប្តាហ៍ មុនពេលដែលមូលនិធិ IMF និងធនាគារពិភពលោករៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោន។ មូលនិធិ IMF ជឿថា កម្រិតបំណុលនាពេលអនាគតអាចមានអត្រាខ្ពស់ជាងការព្យាករណ៍នាពេលបច្ចុប្បន្ន ខណៈប្រជាជនអាមេរិកមានបំណងចំណាយប្រាក់កាន់តែច្រើន។

IMF បានគូសបញ្ជាក់នៅក្នុងរបាយការណ៍នេះថា ភាពមិនប្រាកដប្រជានៃគោលនយោបាយសារពើពន្ធបានកើនឡើង ហើយបន្ទាត់ក្រហមនយោបាយស្តីពីការយកពន្ធកាន់តែមានភាពរឹងមាំ។

ជាមួយគ្នានេះ សម្ពាធលើការចំណាយដើម្បីដោះស្រាយការផ្លាស់ប្តូរទៅរកភាពបៃតង កំណើននៃចំនួនប្រជាជនមានវ័យចំណាស់ បូករួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍន៍រយៈពេលវែងក៏កំពុងកើនឡើងផងដែរ។

ក្តីបារម្ភរបស់មូលនិធិ IMF អំពីការកើនឡើងនៃកម្រិតបំណុលសកលកើតឡើង មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ក្នុងពេលឆាប់ៗនេះ។ បេក្ខជនទាំង២ ទាំងខាងគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានប្តេជ្ញាកាត់បន្ថយពន្ធដែលការណ៍នេះអាចធ្វើឱ្យឱនភាពរបស់រដ្ឋាភិបាលសហព័ន្ធកើនឡើងរាប់ពាន់លានដុល្លារ។

បំណុលក៏នឹងអាចកើនឡើងបន្ថែមទៀយដោយសារការថយចុះនៃកំណើនសេដ្ឋកិច្ចសកល លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងភាពមិនច្បាស់លាស់នៃគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុកាន់តែច្រើននៅក្នុងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិន៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here