ដោយ: គង់ លាងហួរ
អន្តរជាតិ: ហ្វីលីពីនគ្រោងនឹងបន្តនាំចូលអង្ករបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយរក្សាតំណែងជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតរបស់ពិភពលោក ខណៈបាតុភូត El Niño បាតុភូត La Niña និងព្យុះទីហ្វុងថ្មីៗនេះបានជះផលប៉ះពាល់លើផលិតកម្មអង្ករក្នុងស្រុក។
យោងតាមតាមរបាយការណ៍ពីស្ថាប័នចំណុះក្រោមក្រសួងកសិកម្មអាមេរិក (USDA) បានព្យាករណ៍ថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីននឹងកើនឡើងដល់ទំហំ៤,៧លានតោននៅឆ្នាំនេះ កើនឡើង២,២ភាគរយបើធៀបនឹងការព្យាករណ៍ពីមុនចំនួន៤,៦លានតោន ដោយសារហ្វីលីពីនកំពុងសម្រុកទិញអង្ករពីប្រទេសវៀតណាមក្នុងបរិមាណយ៉ាងច្រើន។
ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតដល់ទំហំ៤,៩លានតោននៅក្នុងឆ្នាំ២០២៥ខាងមុខ ដោយសារតែកសិករក្នុងស្រុកដាំដំណាំស្រូវកាន់តែតិចជាងមុន។ការណ៍នេះបង្ខំឱ្យរដ្ឋាភិបាលក្រុងម៉ានីលត្រូវបង្កើនការនាំចូលអង្ករ ដើម្បីបំពេញតម្រូវការក្នុងស្រុក។
ការព្យាករណ៍ថ្មីចុងក្រោយបង្អស់របស់ USDA កើតឡើង ខណៈមានការព្យាករណ៍ថា ការនាំចូលអង្ករទូទាំងពិភពលោកនឹងកើនឡើងនៅឆ្នាំនេះ ដែលបណ្តាលមកពីការកើនឡើងនៃតម្រូវការពីប្រទេសម៉ាឡេស៊ី និងនេប៉ាល់។
របាយការណ៍ខាងលើក៏បានព្យាករណ៍ថា ការនាំចូលអង្ករជាសកលនៅឆ្នាំក្រោយនឹងបន្តកើនឡើង ដោយសារកំណើនតម្រូវការពីទីផ្សារអាហ្រ្វិក និងប្រទេសមួយចំនួននៅតំបន់អាស៊ី ខណៈការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ឥណ្ឌាត្រូវបានគេរំពឹងថា នឹងជួយជំរុញការផ្គត់ផ្គង់អង្ករជាសកល និងធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះ។
USDA បានប៉ាន់ប្រមាណថា ហ្វីលីពីននឹងផលិតអង្ករក្នុងស្រុកបានចំនួន១២,៧លានតោននៅឆ្នាំ២០២៤ ហើយការផលិតក្នុងស្រុកនឹងធ្លាក់ចុះមកនៅត្រឹម១២,៣លានតោននៅឆ្នាំក្រោយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា បរិមាណនៃការនាំចូលអង្ករទៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងជាលំដាប់ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ មុនពេលធ្លាក់ចុះមកវិញនៅឆ្នាំ២០២៣កន្លងទៅ៕ប្រភព:Inquirer. net៕