រដ្ឋាភិបាលថៃ​គ្រោង​ផ្តល់​ប្រាក់កម្ចី​ចំនួន១,៧ពាន់​លាន​ដុល្លារ​សម្រាប់​ជួយវិស័យ​អចលន​ទ្រព្យ

0

ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃគ្រោងនឹងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបចំនួន៥៥ពាន់លានបាត (ប្រហែល១,៦៦ពាន់លានដុល្លារ) ដើម្បីគាំទ្រវិស័យអចលនទ្រព្យ និងជួយជំរុញសេដ្ឋកិច្ច។

លោក Paopoom Rojanasakul អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជូនសារមួយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ផែនការនេះនឹងត្រូវបានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុម័ត។

លោក Paopoom បានអះអាងកាលពីសប្តាហ៍មុនថា វិធានការជំរុញអចលនទ្រព្យនឹងកំណត់គោលដៅទាំងតម្រូវការ និងការផ្គត់ផ្គង់ ដែលមានបំណងជួយទាំងអ្នកទិញ និងអ្នកអភិវឌ្ឍន៍ ដើម្បីបង្កើតឥទ្ធិពលគ្រប់ជ្រុងជ្រោយ។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ថា យើងចាំបាច់ត្រូវដាក់ចេញវិធានការ​ជំរុញ​ថ្មី​ ​ព្រោះ​វិធានការដែល​មាន​ស្រាប់​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ពេញលេញរួចទៅហើយ។

នាពេលកន្លងមកថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុថៃបានប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ ដូចជា ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (GH) ដើម្បីគាំទ្រដល់ការជំរុញវិស័យអចលនទ្រព្យ។

កាលពីខែមេសា ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (GH) បានដាក់ចេញកម្មវិធីផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ឈ្មោះថា “ផ្ទះរីករាយ(Happy Home)”ជាមួយនឹងទំហំទឹកប្រាក់កម្ចីសរុបចំនួន២០ពាន់លានបាត។

កម្មវិធី“ផ្ទះរីករាយ”របស់ធនាគារខាងលើ បានកំណត់លក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលអាចបត់បែនបាន ដើម្បីជួយបុគ្គលដែលមានចំណូលទាប សំដៅធ្វើយ៉ាងណាឱ្យពួកគេអាចទទួលបានកម្ចីទិញផ្ទះ ដោយមនុស្ស១នាក់អាចទទួលបានប្រាក់កម្ចីជាអតិបរមា៣លានបាត និងបង់អត្រាការប្រាក់ថេរ៣% សម្រាប់រយៈពេល៥ឆ្នាំដំបូង។

ដោយឡែក កាលពីថ្ងៃពុធសប្តាហ៍នេះ ធនាគារកណ្តាលរបស់ប្រទេសថៃបានកាត់បន្ថយអត្រាការប្រាក់ដោយមិននឹកស្មានដល់ចំនួន០,២៥ភាគរយជាលើក​ដំបូង​គិតចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០២០។

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុថៃក៏គ្រោងនឹងជួបប្រជុំគ្នាម្តងទៀតនៅចុងខែតុលានេះ ដើម្បីពិភាក្សាអំពីការកំណត់ទិសដៅអតិផរណា៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here