ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប បានជំរុញឱ្យទីក្រុងប្រ៊ុចសែល ធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន ព្រោះចិនអាចហោះហើរ ពីលើដែនអាកាសរបស់ប្រទេសរុស្ស៊ី ហើយក្រុមហ៊ុនចិន មិនប្រឈមនឹងការបង់ថ្លៃខូចខាត លើបរិស្ថាននោះទេ។
ថ្មីៗក្រុមហ៊ុនអឺរ៉ុបមួយចំនួន រួមទាំងក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways និងក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa បានលុបចោលជើងហោះហើរ ទៅកាន់ទីក្រុងប៉េកាំង ខណៈក្រុមហ៊ុនអឺរ៉ុបទាំងនេះ ពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន នៅលើផ្លូវហោះហើររវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។
-->
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបជាច្រើនក៏កំពុងប្រឈមមុខ នឹងការពន្យាពេល នៃការប្រគល់យន្តហោះពីក្រុមហ៊ុនផលិតយន្តហោះAirbus និងក្រុមហ៊ុន Boeing ខណៈក្រុមហ៊ុនកំពុងជួបប្រទះ ជាមួយនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប្រ៊ុចសែល លោក Carsten Spohr នាយកប្រតិបត្តិក្រុមហ៊ុន Lufthansa បានលើកឡើងថា ជើងហោះហើរទាំងអស់ ដែលចូលមកកាន់តំបន់អឺរ៉ុប គួរតែត្រូវបានទាមទារឱ្យបើកបរ ជៀសដែនអាកាសរបស់រុស្ស៊ី ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។
លោកបន្តថា “រុស្ស៊ីមិនអនុញ្ញាតឱ្យក្រុមហ៊ុនអឺរ៉ុបរបស់យើង ហោះហើរឆ្លងកាត់ដែនអាកាសរបស់រុស្សីនោះទេ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិនអាចហោះហើរបាន”។
លោកបញ្ជាក់ថា ប្រសិនបើអ្នកចង់បានការប្រកួតប្រជែងមួយដោយយុត្តិធម៌ យើងត្រូវធានាថា ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយណា ដែលចុះចតនៅអឺរ៉ុប ត្រូវបើកបរជៀសវាងដែនអាកាសរុស្ស៊ី។
នាយកប្រតិបត្តិក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa រូបនេះក៏បានអះអាងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ចិន មិនមានកាតព្វកិច្ចបង់ថ្លៃចំណាយ លើការខូចខាតបរិស្ថាន ពីការបំភាយឧស្ម័នពុលចេញពីយន្តហោះ ដូចក្រុមហ៊ុនអឺរ៉ុបនោះទេ។
លើសពីនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបក៏បានសម្តែងការសោកស្ដាយ ចំពោះភាពមិនច្បាស់លាស់ ដែលបណ្តាល មកពីការពន្យារពេលនៃប្រគល់យន្តហោះ ជាពិសេសពីក្រុមហ៊ុនអាមេរិកBoeing ខណៈនាពេលថ្មីៗកន្លងទៅ យន្តហោះ Boeing ជាច្រើនគ្រឿងបានជួបបញ្ហាបច្ចេកទេសជាបន្តបន្ទាប់៕ប្រភព: Reuters៕
