ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី កំពុងក្លាយជាគោលដៅនៃការវិនិយោគ លើមជ្ឈមណ្ឌលទិន្នន័យដ៏ធំនៅក្នុងតំបន់ ខណៈបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បានបោះទុនរាប់ពាន់លានដុល្លារ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប។
ប៉ុន្តែតើអ្វីទៅជាមជ្ឈមណ្ឌលទិន្នន័យ(Data Centres)?
Data Centres ឬអាចហៅម្យ៉ាងទៀតថា “Computer Center” ជាការប្រើប្រាស់ ប្រព័ន្ធកុំព្យូទ័រដ៏ធំរួមគ្នាមួយ និងបានភ្ជាប់បញ្ចូលគ្នា នូវសមាសភាពផ្សំរបស់កុំព្យូទ័រ ដូចជា បណ្ដាញទូរគមនាគមន៍ (telecommunication) និងប្រព័ន្ធសម្រាប់រក្សាទុកទិន្នន័យ។ យើងអាចរក្សាទុករូបថត ឬរូបភាពរាប់ពាន់សន្លឹកនៅក្នុងទូរស័ព្ទដៃបាន ក៏ដោយសារតែមជ្ឈមណ្ឌលទិន្នន័យនេះផងដែរ។
ហេតុអ្វីបានជាម៉ាឡេស៊ីក្លាយជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ?
ការសាងសង់ និងដំណើរការមជ្ឈមណ្ឌលទិន្នន័យត្រូវការដីធ្លីធំទូលាយ ព្រមទាំងប្រើប្រាស់ថាមពល និងទឹកយ៉ាងច្រើន ។ ជាលទ្ធផល ម៉ាឡេស៊ីអាចផ្គត់ផ្គង់ថាមពល និងដីធ្លីក្នុងតម្លៃសមរម្យ ដែលកត្តាអំណោយផលទាំងនេះ ធ្វើឱ្យម៉ាឡេស៊ីមានប្រៀបជាងទីក្រុងតូចៗ ដូចជា ទីក្រុងហុងកុង និងសិង្ហបុរី។
ស្របពេលជាមួយគ្នានេះ ដោយសារតែតម្លៃដី និងការចំណាយលើប្រតិបត្តិការផ្សេងៗ នៅសិង្ហបុរី មានការហក់ឡើងខ្ពស់ បណ្តាក្រុមហ៊ុនជាច្រើន បានងាកទៅរកម៉ាឡេស៊ី ជាជម្រើសវិនិយោគថ្មី ដែលមានតម្លៃសមរម្យជាងសិង្ហបុរី។
ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាឈីបខ្នាតយក្ស Nvidia បានប្រកាសបោះទុន៤,៣ពាន់ដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋJohor របស់ម៉ាឡេស៊ី។ ចំណែក ក្រុមហ៊ុនGoogle បានប្រកាសបោះទុន២ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅទីក្រុងគូឡាឡាំពួរ។
ជាមួយគ្នានេះ ម៉ាឡេស៊ីមានហេដ្ឋារចនាសម្ព័ន្ធថាមពលគួរឱ្យទុកចិត្តបាន និងដាក់លក់ថាមពលអគ្គិសនី ក្នុងតម្លៃសមរម្យ។ ប្រទេសម៉ាឡេស៊ី ក៏កំពុងផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយស្របតាមកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
ជាពិសេស រដ្ឋាភិបាលម៉ាឡេស៊ី បានក្រាលនូវកម្រាលព្រំក្រហម ដើម្បីស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីទាក់ទាញការវិនិយោគ។ ផែនការមេស្តីពី សេដ្ឋកិច្ចឌីជីថលរបស់ម៉ាឡេស៊ី បានកំណត់គោលដៅប្រកបដោយមហិច្ឆតា ក្នុងការក្លាយជាប្រទេសនាំមុខគេផ្នែកសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០៣០ ហើយមជ្ឈមណ្ឌលទិន្នន័យជាចំណុចស្នូលនៃមហិច្ឆិតានេះ៕ប្រភព: Malay Mail៕