អ្នកជំនាញៈ ការស្វែងរកទិញអចលនទ្រព្យភាគច្រើនមានតម្លៃក្រោមទីផ្សារខ្លាំង

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ស្របពេលទីផ្សារស្ថិតនៅក្នុងសភាពទ្រឹង អ្នកជំនាញក្នុងវិស័យនេះ បានទទួលស្គាល់ថា អ្នកមានធនធានច្រើន សម្រាប់វិនិយោគក្នុងវិស័យនេះ មិនមានចំនួនច្រើននោះទេ។

អគ្គនាយកក្រុមហ៊ុនឆៃលីនស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី២១ តុលាថា ក្នុងស្ថានភាពបែបនេះ អ្នកមានប្រាក់សំរាប់ទិញ មានអាទិភាពខ្ពស់ ពួកគេទិញអចលនទ្រព្យដែលពួកគេមានតម្រូវការ និងតម្លៃដែលពួកគេចង់បាន មិនមែនជាតម្លៃដែលអ្នកលក់ចង់លក់នោះទេ។

        លោកបន្តថា “អចលនទ្រព្យដែលលក់ដាច់ភាគច្រើន ជាអចលនទ្រព្យមានតម្លៃក្រោមទីផ្សារ ចន្លោះ៣០ទៅ៥០ភាគរយ និងស្ថិតនៅទីតាំងល្អ”។ លោកបន្តថា “ទីផ្សារបច្ចុប្បន្ន បើសួររកហាងឆេង គឺមិនអាចបញ្ជាក់ហាងឆេងបានទេ តែបើលក់ក្រោមទីផ្សារ៥០ភាគរយ ពួកគេអាចចាប់អារម្មណ៍”។

        លោកស៊ា ឆៃលីនបានបន្តថា ស្ថានភាពបែបនេះ អ្នកលក់គួរតែយល់ពីបរិបទទីផ្សារ ជាជាងទាញតម្លៃតាមអ្វីដែលខ្លួនចង់បាន ព្រោះបច្ចុប្បន្នអំណាចនៃការទិញ នៅក្នុងទីផ្សារមិនមានច្រើនឡើយ ធៀបនឹងមុនសម័យកាលកូវីដ១៩មកដល់។

        ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍កាលពីដើមឆ្នាំនេះថា វិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំ២០២៤នេះ អាចសម្រេចបានកំណើន ក្នុងរង្វង់១,៥ភាគរយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here