ថ្នាក់ដឹកនាំសមាគមឧកញ៉ាម្នាក់ ទិញគ្រឿងសំណង់ឧកញ៉ាហ៊ួត ជាមិនសងប្រាក់ហើយ បែរជាប្តឹងឲ្យចាប់ដាក់គុកទៀត

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ វាទំនងជារឿងអាស្រូវចុងឆ្នាំ២០២៤ ខណៈអ្នកឧកញ៉ា អនុប្រធានសមាគមឧកញ៉ាកម្ពុជាម្នាក់ បានគំរាមប្តឹងឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ហ៊ួត ជា គ្រុប កាលថ្ងៃទី២១ ខែតុលា។

លោកឧកញ៉ាហួត ជា បាន​បង្ហើបឲ្យដឹង​ថា អ្នកមានកំពូលម្នាក់​មានងារជា “អ្នកឧកញ៉ា” ដែល​ជា​ម្ចាស់​គម្រោង​សាងសង់​ដ៏​ធំ​មួយ​នៅ​រាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​លោក​ជា​ច្រើន​មិនទាន់​សងប្រាក់​គ្រប់​ចំនួនផង ហើយ​ថែមទាំង​ប្តឹង​លោក​ទៀត។

យោងតាមរយៈការ Live បកស្រាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ​នា​ព្រលប់​ថ្ងៃច័ន្ទ​ លោកឧកញ៉ា ហ៊ួត ជា អះអាង​ថាក្នុងបទពិសោធន៍ ​ជា​អ្នករកស៊ី​ជាង១៤ឆ្នាំ​មក​នេះ និង​មាន​សា​ខា​​ធំៗជាង៥០នៅទូទាំងប្រទេស លោក​តែងតែ​ប្រកាន់​គោលការណ៍​ស្មោះត្រង់ជានិច្ច​ជាមួយ​អតិថិជន។

ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោក​បាន​ជួប​រឿង​មួយ ដែល​មាន​អ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​ក្រុមហ៊ុន​លោក ដោយ​ផ្តល់សែកឱ្យ​ ៣០% ហើយលោក​ក៏​បាន​តម្កល់​សែក ​ឱ្យ​វិញ​ផង​ដែរ​ ព្រមទាំង​មាន​កិច្ចសន្យាច្បាស់លាស់​ថែម​​ទៀត។

សម្រាប់​ទឹកប្រាក់ ៣០% លោកឧកញ៉ា ហ៊ួត ជា បាន​យក​ទៅ​ប្រើប្រាស់ ​សម្រាប់​បញ្ជារ​ទិញ​ពី​រោងចក្រ ក្រៅ​ប្រទេស ហើយ​លោក​ថែម​ទាំង ​​ចំណាយ​លុយ​បន្ថែម​ទៀត សម្រាប់​ថ្លៃ​ដឹកជញ្ជូន​តាម​កប៉ាល់ និង​ដឹក​ជញ្ជូន​ទៅ​ដាក់​តាមទីតាំង​ការដ្ឋាន។

លោកឧកញ៉ាបន្តថា គិត​ទៅ​ម្ចាស់​គម្រោង​នៅ​ជំពាក់​ប្រាក់​លោក​ជាង២ម៉ឺនដុល្លារ​ទៀត ​ផ្ទុយទៅវិញ​អ្នកឧកញ៉ារូបនោះ មិន​ព្រមសង​ប្រាក់ និង​បាន​ប្រើ​ពាក្យ​សម្តីថា ការ៉ូ​គ្មាន​គុណភាព និង​ត្រូវ​ជំពាក់​ប្រាក់​រូបគេវិញ​ចំនួន៣ម៉ឺនដុល្លារ រហូតចុង​ក្រោ​យ​ដល់​ជិត១០ម៉ឺនដុល្លារ។

លុះដល់​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោក​ឧកញ៉ា ហ៊ួត ជា​ ​បាន​ទទួលពាក្យ​បណ្តឹង​មួយ ​ពីបទព្រហ្មទណ្ឌ​ថែមទៀត។

ជាមួយនឹង Live នេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា “អយុត្តិធម៌ម្ល៉េះលោក​ព្រះ​ ទិញការ៉ូអត់ទាន់សងលុយផង មកប្ដឹងម្ចាស់ការ៉ូអញ្ចឹង។ ស្គាល់គ្នាដែរនិយាយទៅកុំដល់ថ្នាក់ប្ដឹងផ្ដល់គ្នា​នោះ”។ លោកជំទាវឧកញ៉ាហ៊ុន ស៊ីណាតបានបន្តថា សព្វថ្ងៃនេះថ្នាក់ដឹកនាំខំកៀរគរអ្នកវិយោគទុន​មករកស៊ីក្នុងប្រទេស ចុះបើក្មួយជាអ្នកវិនិយោគក្នុងស្រុក គួរតែថ្នាក់ដឹកនាំជួយដោះស្រាយ និងការពារផ្នែកច្បាប់ឱ្យ​បានល្អផងទៅ។ ថយមួយជំហានម្នាក់ៗ ដោះស្រាយ​គ្នាទៅកុំដល់ប្ដឹងផ្ដល់គ្នានោះអី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here