ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវិទ្យាស្ថានសេដ្ឋកិច្ច អចលនទ្រព្យជប៉ុនបានរាយការណ៍ ឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២១ ខែតុលាថា តម្លៃខុនដូថ្មីជាមធ្យម ក្នុងតំបន់ទីក្រុងតូក្យូ បានកើនឡើងដល់ចំនួន៧៩,៥៣លានយ៉េន ក្នុងមួយយូនីតនៅឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៤។
ឆ្នាំសារពើពន្ធ២០២៤ របស់រដ្ឋាភិបាលជប៉ុន រាប់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ការកើនឡើងនៃតម្លៃសំណង់ ការហក់ឡើងថ្លៃនៃសម្ភារៈ និងកម្លាំ ងពលកម្ម បានបន្តជំរុញឱ្យតម្លៃលក់ខុនដូថ្មីស្ទុះងើបឡើងថ្លៃ។
តម្លៃខុនដូជាមធ្យមក្នុងតំបន់ Greater Tokyo ដែលរួមមានទីក្រុងតូក្យូ ខេត្តសៃតាម៉ា ខេត្តកាណាហ្គាវ៉ា និងខេត្តឈីបា បានកើនឡើង១,៥ភាគរយ បើធៀបនឹងតម្លៃខុនដូជាមធ្យមចំនួន៧៨,៣៦លានយ៉េន ក្នុងមួយយូនីតនៅឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៣ ដែលរាប់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
តម្លៃខុនដូជាមធ្យម នៅក្នុងសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូបានកើនឡើង៤,៥% ដល់១១០,៥១លានយ៉េន ក្នុងអំឡុងខែមេសា ដល់ខែកញ្ញា បន្ទាប់ពីបានកើនឡើងលើស១០០លានយ៉េន ក្នុងមួយយូនីតជាលើកដំបូង នៅក្នុងឆ្នាំសារពើពន្ធ២០២៣។
ចំណែក តម្លៃខុនដូជាមធ្យម នៅខេត្តឈីបា(Chiba)បានកើនឡើង១៧,៣ភាគរយ ហើយតម្លៃខុនដូជាមធ្យមនៅខេត្តកាណាហ្គាវ៉ា (Kanagawa) បានកើនឡើង១០,៧ភាគរយ។
ទន្ទឹមនឹងនេះដែរ ចំនួនខុនដូ ដែលបានផ្គត់ផ្គង់ថ្មីនៅក្នុងតំបន់ Greater Tokyo បានធ្លាក់ចុះ២៩,៧ភាគរយ មកនៅត្រឹម៨.២៣៨យូនីត បើធៀបនឹងចំនួន៨.៨៥១យូនីត ក្នុងអំឡុងខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០។
យោងតាមប្រភពឧស្សាហកម្ម បានអះអាងឱ្យដឹងថា កង្វះខាតកម្លាំងពលកម្ម កំពុងបង្កឱ្យមានការពន្យារពេល ក្នុងការសាងសង់ និងបង្កឱ្យមានការលំបាក ក្នុងការបញ្ចប់គម្រោងអភិវឌ្ឍន៍អគារខុនដូថ្មីៗ។
វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យជប៉ុន បានអះអាងថា “តម្រូវការខុនដូថ្មី នៅតែមានភាពរឹងមាំ ជាពិសេសនៅទីក្រុងតូក្យូ។ ប៉ុន្តែទោះជាយ៉ាងណា ការលក់ខុនដូមួយចំនួននៅតំបន់ជាយក្រុងកំពុងចាប់ផ្តើមធ្លាក់ចុះ ដោយសារតម្លៃកើនឡើង”៕ប្រភព: The Japan Times៕