ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសាងសង់គម្រោងអគារ មានរូបរាងដូចគូប កម្ពស់៤០០ម៉ែត្រ នៅក្នុងទីក្រុងរីយ៉ាដ (Riyadh)នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមហើយ ដែលនឹងក្លាយជាអគារធំជាងគេបំផុតរបស់ពិភពលោក នៅពេលសាងសង់រួចរាល់។
អគារខ្ពស់កប់ពពកនេះ មានឈ្មោះថា Mukaab ស្ថិតនៅភាគពាយព្យទីក្រុង Riyadh ដែលត្រូវបានរចនាឡើងដោយក្រមហ៊ុនវិស្វកម្មកាណាដា Atkins Réalis និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ខណៈការជីកខួងកកាយកំពុងដំណើរការ។
ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានឈ្មោះថា New Murabba Development បានប្រកាសថា ការជីកខួងដីសម្រេចបានវឌ្ឍនភាពចំនួន៨៦ភាគរយ ដែលជាការងារមូលដ្ឋាន ហើយដីចំនួនជាង១០លានម៉ែត្រគូប ត្រូវបានខួងចេញ។ គម្រោងដ៏មានមហិច្ឆិតានេះ ទទួលបានប្រភពទុនវិនិយោគ ពីមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF)។
ត្រូវបានរចនាឡើងដោយក្រុមហ៊ុន AtkinsRealis ដែលទីស្នាក់ការនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា អគារខ្ពស់កប់ពពក Mukaab នឹងមានរូបរាងជាគូប ជាមួយនឹងកម្ពស់ប្រវែង៤០០ម៉ែត្រ។ នៅពេលសាងសង់រួចរាល់ អគារ Mukaab នឹងក្លាយជាអគារខ្ពស់បំផុតក្នុងទីក្រុងRiyadh។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានហៅអគារនេះថា ជា“រចនាសម្ព័ន្ធសំណង់ដ៏ធំបំផុតនៅក្នុងពិភពលោក”។
Mukaab នឹងដណ្តើមយកតំណែង ជាអគារធំបំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្នពីអគាររោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក។
អគារនេះនឹងមានផ្ទៃក្រឡា របស់ជាន់នានាសរុបជាង២៥លានម៉ែត្រការ៉េ ដោយនឹងមានមនុស្សរស់នៅចំនួន១០៤.០០០គ្រួសារ មានបន្ទប់សណ្ឋាគារចំនួន៩ពាន់បន្ទប់ មានទីតាំងលក់រាយសរុបចំនួន៩៨ម៉ឺនម៉ែត្រការ៉េ ការិយាល័យចំនួន១,៤លានម៉ែត្រការ៉េ ទីតាំងកំសាន្តចំនួន៦២ម៉ឺនម៉ែត្រការ៉េ និងសហគមន៍មូលដ្ឋានចំនួន១,៨លានម៉ែត្រការ៉េ។ គម្រោង Mukaab នឹងមានប្រព័ន្ធចរាចរណ៍ក្នុងទីក្រុង និងមានចម្ងាយពីព្រលានយន្តហោះត្រឹមតែ២០នាទីប៉ុណ្ណោះ ប្រសិនបើជិះរថយន្ត។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់នៅត្រឹមឆ្នាំ២០៣០ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ Vision 2030 របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកខ្លាំង លើការលក់ប្រេងទៅកាន់ទីផ្សារពិភពលោក៕ប្រភព:Deezeen៕