ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយ The Bridge Commercial នឹងបើកដំណើរការនៅត្រីមាសទី២ ឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ ធ្នូនេះថា ក្រុមហ៊ុន CBRE Cambodia បានទទួលសិទ្ឋជាតំណាងជួលផ្តាច់មុខ នៃផ្សារទំនើបដែលមានទីតាំងនៅក្រោមអាគារ The Bridge ក្បែរកោះពេជ្រ។ ផ្សារទំនើបលំដាប់អន្តរជាតិនេះ ចាប់ផ្តើមទទួលការជួលពីអតិថិជនហើយ ដោយយើងរំពឹងថា នឹងសម្រេចបានអត្រាជួលគ្របដណ្តប់៧០ភាគរយ នៃផ្ទៃក្រឡាទំហំ ២ម៉ឺនម៉ែត្រការ៉េ នៅពេលផ្សារបើកដំនើរការនៅពេលខាងមុខ។
-->
អ្នកនាងបន្តថា “អ្វីជាក្តីរំពឹងរបស់យើង ផ្សារនឹងទទួលបានជោគជ័យ ដោយសារអតិថិជនជួលជាអ្នកវិនិយោគថ្មីៗ ហើយអ្វីដែលជាទស្សនទាននៃការរៀបចំផ្សារនេះ ធ្វើយ៉ាងណាឲ្យមានភាពប្លែកពីគេ”។ អ្នកនាងបន្តថា “ផ្សារនេះមានកំពស់៥ជាន់ ដែលអាចចតរថយន្តបានប្រមាណ ១០០០គ្រឿង និងម៉ូតូជាច្រើនរយគ្រឿង”។
ផ្សារនេះក៏ផ្តល់នូវការលក់ទំនិញចម្រុះផងដែរ ដូចជា សេវាកម្មកំសាន្ត រោងភាពយន្តជាលក្ខណៈគ្រួសារ អាហារនិងភេសជ្ជៈ ផ្សារទំនើបលក់ទំនិញរាយៗ និងសេវាកំសាន្តជាច្រើនទៀត។
អ្នកនាង អាន សុធីតា បានបន្តថា តំបន់នេះ ជាទីតាំងមានប្រជាជនមានជីវភាពមធ្យម ដល់ប្រជាជនមានជីវភាពធូរធារខ្លាំងរស់នៅ គួបផ្សំនឹងផ្សារនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមាន ការិយាល័យ លំនៅដ្ឋាន មជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលនឹងជំរុញធ្វើឲ្យផ្សារនេះកាន់តែមានភាពទាក់ទាញ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណារៀលធី គ្រុប បានរកឃើញថា កំនើនផ្សារទំនើបនៅកម្ពុជា បានឆ្លុះបញ្ចាំងពីការកើនឡើងនូវប្រជាជនមានជីវភាព មធ្យម ការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំនើននៃកាវិនិយោគពីបរទេស ដែលធ្វើឲ្យទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ និងចំនួនផ្សារទំនើបនានាបានកើនឡើងជាបន្តបន្ទាប់៕
លោក ប៉ែន សុខគា នាយកផ្នែកវាយតំលៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា កំនើនប្រជាសាស្រ្តក្នុងទីក្រុង និងការកើនឡើងនូវវណ្ណៈមធ្យមក្នុងទីក្រុងភ្នំពេញ បានទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើន មកវិនិយោគលើផ្សារទំនើបនៅកម្ពុជា ដោយសារកំលាំងទិញមានការកើនឡើង ប៉ុន្តែទោះជាយ៉ាងណាយើងសង្កេតឃើញថា ការលក់ទំនិញល្បីៗ មិនសូវទទួលបានជោគជ័យនោះទេ ផ្ទុយទៅវិញផ្សារទំនើបទាំងនោះលក់ដាច់ជាងគេនូវប្រភេទអាហារ និងភេសជ្ជៈ ដែលជាមុខទំនិញមានការពេញនិយមជាងគេ៕
