វៀតណាមគ្រោងបោះទុនវិនិយោគជាង៣ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនថ្មី១តភ្ជាប់មកកាន់កម្ពុជា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងផ្លូវល្បឿនលឿនប្រវែងជាង១៧៥គីឡូម៉ែត្រ ត្រូវបានស្នើសាងសង់ឡើង ក្រោមទុនវិនិយោគចំនួន៨០,៨ទ្រីលានដុង (ប្រហែល៣,១៧ពាន់លានដុល្លារ) ដើ​ម្បីតភ្ជាប់ខេត្តភាគនិរតី របស់ប្រទេសវៀតណាមជាមួយកម្ពុជា។

ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង My Thuan ចំណុះក្រោមក្រសួ​ងដឹកជញ្ជូនវៀតណាម បានប្រកាសកាលពីថ្ងៃពុធ ទី២៣ ខែតុលាថា ខ្លួនបានបញ្ចប់ការសិក្សាលើលទ្ធភាពបឋម ក្នុងការសាងសង់ផ្លូវល្បឿនលឿន Ha Tien-Rach Gia-Bac Lieu ហើយក្រុមប្រឹក្សាបានបញ្ជូនសំណើរនេះ ទៅកាន់ក្រសួងដើម្បីត្រួតពិនិត្យវាយតម្លៃ។

ផ្លូវល្បឿនលឿននេះ គ្រោងនឹងចាប់ផ្តើមលាតសន្ធឹងចេញពីច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ក្នុងទីក្រុង Ha Tien នៃខេត្ត Kien Giang និងបញ្ចប់នៅត្រឹមផ្លូវជាតិលេខ១ ក្នុងទីក្រុង Bac Lieu នៃខេត្ត Bac Lieu។

គម្រោងនេះ មានប្រវែងសរុបប្រហែល១៧៥,៥គីឡូម៉ែត្រ ដែលមានចំនួន៤គន្លង ផ្លូវសង្គ្រោះបន្ទាន់ចំនួន២គន្លង ដោយមានល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់ខេត្តចំនួន៤ នៅតំបន់ដីសណ្ដទន្លេមេគង្គ រួមមាន ខេត្ត Kien Giang ខេត្ត Hau Giang ខេត្ត Soc Trang និងខេត្ត Bac Lieu។

ផ្លូវល្បឿនលឿននេះ មានគោលបំណងតភ្ជាប់ច្រកព្រំដែន Ha Tien ជាមួយផ្លូវល្បឿនលឿន Lo Te – Rach Soi  ដែលមានស្រាប់ និងផ្លូវល្បឿនលឿន Can Tho-Ca Mau ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅទីក្រុង Can Tho ក្រសួងដឹកជញ្ជូនបានរាយការណ៍ អំពីគម្រោងផ្លូវល្បឿនលឿនចំនួន៦ខ្សែ ដែលគ្រោងសាងសង់ នៅតំបន់ភាគខាងលិច នៃប្រទេសវៀតណាម ក្នុងចម្ងាយសរុបជិត១.២០០គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនទាំងនេះ នឹងត្រូវបានពុះចែកចាប់ពី៤ ទៅ៦គន្លង។

គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿនចម្ងាយជាង១២០គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង Can Tho ត្រូវបានបើកដាក់ឱ្យដំណើរការ ខណៈកំណាត់ផ្លូវចម្ងាយ៤២៨គីឡូម៉ែត្រទៀត កំពុងស្ថិតក្រោមការសាងសង់ ហើយរំពឹងថា នឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៥៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here