ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានជាប់ចំណាត់ថ្នាក់ នៅក្នុងបញ្ជីមហាសេដ្ឋីមានបំផុតទាំង៥០០រូប នៅលើពិភពលោកឡើងវិញ ខណៈភាគហ៊ុន នៃក្រុមហ៊ុនរបស់លោក បានហក់ឡើងថ្លៃពីរសប្តាហ៍ មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកចូលមកដល់។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump បានហក់ឡើង១១២ភាគរយ នៅឆ្នាំនេះដល់ទំហំទឹកប្រាក់៦,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ ទី២៣ ខែតុលា ដែលធ្វើឱ្យលោក Trump ក្លាយជាមហាសេដ្ឋីលំដាប់ទី៤៨១ នៅក្នុងសន្ទស្សន៍មហាសេដ្ឋីរបស់ទីភ្នាក់ងារសារពត៌មាន Bloomberg ។
លោក Trump បានរបូតឈ្មោះចេញ ពីបញ្ជីមហាសេដ្ឋីមានបំផុតទាំង៥០០រូប នៅលើពិភពលោកអស់រយៈពេល១១សប្តាហ៍មកហើយ។ ប៉ុន្តែទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ បានកើនឡើងវិញ បន្ទាប់ពីតម្លៃទីផ្សាររបស់ក្រុមហ៊ុន Trump Media & Technology Group បានហក់ឡើងថ្លៃជិត៣ដងចាប់តាំងពីចុងខែកញ្ញា។
ការហក់ឡើងនៃតម្លៃទីផ្សាររបស់ក្រុមហ៊ុន Trump Media នាពេលថ្មីៗនេះ បានកើតមានឡើង ខណៈវេទិកាភ្នាល់លទ្ធផលនៃការបោះឆ្នោតជាច្រើន តាមរយៈប្រព័ន្ធអនឡាញ បានចង្អុលឱកាសជ័យជម្នះខ្ពស់ ទៅកាន់លោក Trump បន្ទាប់ពីលោកត្រូវបាននាំមុខ ដោយលោកស្រីអនុប្រធានាធិបតី Kamala Harris អស់ជាច្រើនសប្តាហ៍កន្លងទៅ។
ទ្រព្យសម្បត្តិរបស់លោក Trump ក៏មានប្រភពដ៏ធំមកពីក្រុមហ៊ុន Trump Organization ដែលជាក្រុមហ៊ុនអចលនទ្រព្យខ្នាតអន្តរជាតិ។
ថ្មីៗនេះ ក្រុមហ៊ុន Trump Organization បានប្រកាសបោះទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារ ដើម្បីសាងសង់សួនវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋាននៅភាគខាងជើងនៃប្រទេសវៀតណាម តាមរយៈការសហការភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយ៕ប្រភព: Vnexpress៕