ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលចិន គ្រោងទម្លាក់កញ្ចប់ទុនដ៏ធំ ដែលមានទំងំទឹកប្រាក់១១ទ្រីលានដុល្លារ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារដីធ្លីក្នុងស្រុកនឹងងើបឡើងវិញ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង បានបង្ហាញជំនឿថា នាពេលឆាប់ៗខាងមុខនេះ សេដ្ឋកិច្ចវិស័យដីធ្លីនៅកម្ពុជា នឹងស្ទុះឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលចិន ទម្លាក់កញ្ចប់ទឹកប្រាក់ប្រមាណជាង ៨០ទ្រីលានយ៉ន់ (១១ទ្រីលានដុល្លារ) សម្រាប់ជួយដល់អ្នកវិនិយោគនៅប្រទេសចិន ដើម្បីជួយជំរុញសេដ្ឋកិច្ចចិន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស៊ី ជីនពីង ប្រធានាធិបតីចិន គ្រោងដាក់ចេញវិធានការសង្គ្រោះដោយបញ្ចេញទឹកប្រាក់ប្រមាណ១១ទ្រីលានដុល្លារ ដល់អ្នកវិនិយោគិនក្នុងស្រុក ដើម្បីជំរុញផ្សារហ៊ុនចិនឡើងវិញ និងដើម្បីជំរុញសេដ្ឋកិច្ចប្រទេសចិន ឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចរីកចម្រើនធំបំផុតលំដាប់ទី២ នៅលើពិភពលោក។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ចាស់វស្សាមួយរូបនៅកម្ពុជា យល់ឃើញថា ទឹកលុយចិនជួយ១១ទ្រីលានដុល្លារ គឺជួយដល់អ្នកអភិវឌ្ឍន៍ក្នុងស្រុក មានន័យថា លោកជួយដល់ម្ចាស់គម្រោងធំៗក្នុងស្រុក។
លោកឧកញ៉ាបានបញ្ជាក់ថា “ការជួយនេះគឺចិនជួយខ្លួនឯង ប៉ុន្តែវានឹងជះឥទ្ធិពលល្អ ដល់វិស័យដីធ្លីនៅស្រុកខ្មែរ ព្រោះបើយើងនិយាយពីបំពង់ទុយោធំ ដែលបូមលុយធំចូលស្រុកខ្មែរពីបរទេស គឺប្រទេសចិនលេខ១”។ លោកបន្ថែមថា “ដូច្នេះនៅពេលណា ដែលលុយចិនចំនួន១១ទ្រីលានដុល្លារចុះមក នឹងជួយឱ្យដីធ្លី នៅស្រុកចិនដំណើរការល្អ ហើយកម្ពុជានឹងទទួលបានផលប្រយោលផងដែរ”។
លោកពន្យល់ថា ធម្មតាក្រុមហ៊ុនចិន ដែលមកវិនិយោគនៅកម្ពុជា គាត់ជាក្រុមហ៊ុនកូនរបស់ក្រុមហ៊ុន នៅប្រទេសចិន ដូច្នេះនៅពេលដែលក្រុមហ៊ុនធំនៅចិន ទទួលបានលុយពីរាជរដ្ឋាភិបាលចិន ធ្វើឱ្យគម្រោងដំណើរការល្អ មានផ្សារហ៊ុនគាត់ឡើង ចង់មិនចង់គាត់នឹងអាចចែករំលែក ផលចំណេញមកដល់ក្រុមហ៊ុនចិននៅស្រុកខ្មែរ នោះយើងនឹងរស់ទាំងអស់គ្នា។
លោកបញ្ជាក់ទៀតថា “ខ្ញុំមើលឃើញថាល្អ ឱ្យតែទីផ្សារដីធ្លីនៅប្រទេសចិនឡើង នោះវិស័យដីធ្លីនៅស្រុកខ្មែរនឹងឡើងដូចគ្នា ព្រោះធម្មតានៅពេលឪពុកម្តាយធូរធារ នោះកូនចៅក៏អាចរស់ស្រួល”។
ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង មើលឃើញថា ចិននឹងមកស្រុកខ្មែរវិញច្រើន គ្រាន់តែថាពេលមកវិញលើកនេះនឹងអាចចម្រាញ់ មិនបើកចំហរដូចមុន។ ទាំងលក្ខណៈភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ អ្នករកស៊ីចិនត្រូវតែមកខ្មែរវិញ ព្រោះពួកគេមានរឿងជាច្រើន ដែលត្រូវធ្វើនៅកម្ពុជា ពិសេសគឺសំណង់អគារជាប់គាំងទាំងនៅព្រះសីហនុ និងរាជធានីភ្នំពេញ ដើម្បីបញ្ចប់ការងារទាំងអស់នេះ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្តថា “ជារួម ខ្ញុំរំពឹងថាឆាប់ៗនេះ នៅពេលកញ្ចប់ជាង១១ទ្រីលានដុល្លារ ធ្លាក់មកដល់ប្រទេសចិន ជួយដល់ម្ចាស់គម្រោងចិន ចំហាយមួយចំនួនត្រឹម០,១% មកដល់ស្រុកខ្មែរ ក៏សេដ្ឋកិច្ចវិស័យដីធ្លីនៅស្រុកខ្មែរ នឹងឡើងវិញដែរ”៕