ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍មួយចំនួន នៅទីក្រុងហុងកុង កំពុងបង្កើនតម្លៃអចលនទ្រព្យឡើងវិញបន្តិចម្តងៗ ខណៈទំនុកចិត្ត លើទស្សនវិស័យទីផ្សារលំនៅដ្ឋាន របស់ទីក្រុងមានការកើនឡើង ហើយការដាក់ចេញវិធានការមួយចំនួនបានជំរុញឱ្យអ្នកទិញឈានជើងចូលក្នុងទីផ្សារ។
តួយ៉ាងកាលពីថ្ងៃច័ន្ទ ទី២១ ខែតុលា ក្រុមហ៊ុន Chinachem Group បានដំឡើងតម្លៃផ្ទះល្វែងនៅឯគម្រោង Echo House ដែលមានផ្ទះសរុបចំនួន១៩៨យូនីត ស្ថិតនៅសង្កាត់ Cheung Sha Wan បន្ទាប់ពីអ្នកទិញចំនួន៥.៥០០នាក់ បានសម្រុកមកចុះឈ្មោះ។
ផ្ទះចំនួន៥០យូនីត ដែលត្រូវបានបើកលក់ នៅក្នុងជុំទី២កាលពីថ្ងៃច័ន្ទ មានតម្លៃជាមធ្យមចំនួន១៥.៤៤០ដុល្លារ ហុងកុង(ប្រហែល១៩៨៧ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ កើនឡើង៣,៧% ធៀបនឹងផ្ទះចំនួន៥០យូនីត ដែលត្រូវបានបើកលក់ដំបូងក្នុងជុំទី១ កាលពីថ្ងៃសប្តាហ៍មុន ដែលមានតម្លៃចំនួន១៤.៨៨៨ដុល្លារហុងកុង ក្នុងមួយហ្វីតការ៉េ។
Echo House ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរួមគ្នា រវាងក្រុមហ៊ុន Chinachem Group ជាមួយអាជ្ញាធរកែលំអរទីក្រុងហុងកុង(URA)។
លោក Derek Chan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Ricacorp Properties បានលើកឡើងថា “កត្តាអំណោយផលជាច្រើន រួមទាំងការកាត់បន្ថយអត្រាការប្រាក់ ការងើបឡើងវិញនៃផ្សារហ៊ុនក្រុងហុងកុង និងវិធានការគោលនយោបាយ ដែលផ្តល់អត្ថប្រយោជន៍ ដល់ទីផ្សារអចលនទ្រព្យ បានធ្វើឱ្យស្ថានភាពទីផ្សារមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់”។
លោកបានបន្ថែមថា “ការលក់អចលនទ្រព្យថ្មីៗ បានកើនឡើងយ៉ាងខ្លាំង។ ការណ៍នេះបង្ហាញពីដំណើរការដ៏រឹងមាំ ខណៈអ្នកទិញ បានឈានជើងចូលទីផ្សារយ៉ាងសកម្ម ហើយអ្នកអភិវឌ្ឍន៍មានឱកាសដំឡើង តម្លៃអចលនទ្រព្យបន្តិចបន្តួច”។
ការដំឡើងថ្លៃផ្ទះនៅពេលនេះ បានកើតមានឡើង បន្ទាប់ពីរដ្ឋបាលទីក្រុងហុងកុង បានបន្ធូរបន្ថយការរឹតបន្តឹង លើការផ្តល់ហិរញ្ញប្បទានកម្ចីទិញផ្ទះ។
យោងតាមអាជ្ញាធររូបិយវត្ថុហុងកុងបានឱ្យដឹងថា អតិថិជនដែលទិញផ្ទះ មានតម្លៃលើសពី៣០លានដុល្លារហុងកុង ក្នុងមួយយូនីត នឹងមានសិទ្ធិទទួលបានហិរញ្ញប្បទានចំនួន៧០ភាគរយ បើធៀបនឹងការអនុញ្ញាតឱ្យខ្ចីប្រាក់ ពីមុនត្រឹមតែ៥០ភាគរយទៅ៦០ភាគរយ៕ប្រភព: SCMP៕