ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកPark Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា -កូរ៉េខាងត្បូងលើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើនរូប។
កិច្ចសន្ទនាផ្លូវការនេះជាបៀបវារៈថ្មី ដែលរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកយូន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។
កិច្ចសន្ទនានេះ មានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្ត ពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េ សំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានថ្លែងថា កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់នូវរាល់កង្វល់របស់វិនិយោគិនកូរ៉េ តាមរយៈការប្រើប្រាស់របៀបវារៈ ផ្លូវការជាទៀងទាត់សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។
លើសពីនេះ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មាន ពាក់ព័ន្ធនឹងនិន្នាការវិនិយោគ នៅកម្ពុជាមានជាអាទិ៍ ស្ថានភាពនៃរំហូរវិនិយោគ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការសាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ជូនភាគីមិត្តផងដែរ។
ជាមួយគ្នានេះឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការរៀបចំកិច្ចសន្ទនានេះក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជា ចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគ នៅលើទឹកដីកម្ពុជាបន្ថែមទៀត។
ស្របគ្នានេះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្រ្ដី ដែលបានពន្យល់យ៉ាងក្បោះ ក្បាយ អំពីស្ថានភាពវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនឹងកាន់តែមានភាពស្រស់បំព្រងគួរជាទីមោទនៈ៕