រដ្ឋាភិបាលពិនិត្យលទ្ឋភាពក្នុងការបញ្ចុះតម្លៃលើការដឹកជញ្ជូនផ្លូវទឹក ផ្លួវគោក និងប្រព័ន្ឋភស្តុភារកម្ម

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រ​ធា​

នទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីភាពចាំបាច់ ក្នុងការពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងភស្តុភារកម្មពាក់ព័ន្ធ ដោយធានាឱ្យបាននូវប្រសិទ្ធភាព សំដៅបង្កើនឧត្តមភាពប្រកួតប្រ​ជែងរបស់កម្ពុជា។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតជូន លោកហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association-CLA) និងគណៈប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានសមាគមភស្តុភារកម្មកម្ពុជា បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី អំពីគោលបំណង និងសកម្មភាពការងាររបស់សមាគម ជាពិសេសបង្ហា​ញសមាសភាពថ្មី របស់ក្រុមប្រឹក្សាភិបាលនាអណត្តិទី៩ ឆ្នាំ២០២៤-២០២៦ ដែលទើបជ្រើសតាំងក្នុងចំណោម សមាជិកសមាគមទាំងអស់ប្រមាណ១៤០រូប។

ភ្ជាប់ក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាន៍ណែនាំ មួយចំនួនជូនដល់សមាគម ក៏ដូចជាបានលើកបង្ហាញអំពីផែនការ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ១០ឆ្នាំ ក្នុងការអភិវឌ្ឍនគម្រោងចំនួនសរុប១៧៤ ជាមួយតម្រូវការថវិកាសរុបប្រមាណ ៣៦.៦ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ន មានគម្រោងមួយចំនួន ស្ថិតក្នុងផែនការមេនេះកំពុងដំណើររួចមកហើយ រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញបាវិត គម្រោងព្រែកជីកហ្វូណនតេជោ ហើយគម្រោងមួយចំនួនទៀត មានលក្ខណៈជាគម្រោងផ្នែកទន់ ដែ​លផ្តោតទៅលើការសម្រួល បែបបទនីតិវិធីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាដើម។

បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី រួចមក លោក ហាក់ លាងហ៊ ក្នុងនាមប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងទទួលយកអនុសាសន៍ណែនាំទាំងអស់ ទៅចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

សមាគមភស្តុភារកម្មកម្ពុជា ត្រូវបានបង្កើតកាលពីឆ្នាំ២០០៤ ដែលពីមុនមានឈ្មោះថា សមាគមភ្នាក់់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថាCAMFFA និងក្រោយមកទៀតត្រូវបានដូរឈ្មោះ ជាសមាគមភស្តុភារកម្មកម្ពុជា(CLA)។ សមាគមភស្តុភារកម្មកម្ពុជានេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅប្រទេសក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here