ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារដីឧស្សាហកម្មក្នុងប្រទេសថៃ បានកើនឡើង ស្របពេលមានការកើនឡើងនៃការផ្គត់ផ្គង់ថ្មី ការលក់ដី និងតម្លៃដី ដោយសារកំណើននៃតម្រូវការជាចម្បងនៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានរាយការណ៍ថា ដីឧស្សាហកម្មចំនួន៨.០៦៣រ៉ៃ(ប្រហែល១.២៩០ហិកតា)ត្រូវបានលក់ ឬជួលនៅទូទាំងប្រទេសក្នុងឆមាសទីមួយឆ្នាំ២០២៤។ ចំនួននេះមានការកើនឡើងចំនួន៥៣% បើប្រៀបធៀបទៅនឹងឆមាសទីពីរនៃឆ្នាំ២០២៣។
ការផ្គត់ផ្គង់ដីឧស្សាហកម្មថ្មីមានចំនួនត្រឹមតែ៨៨៦រ៉ៃ(ប្រហែល១៤២ហិកតា)ប៉ុណ្ណោះ។ តួលេខនេះបានធ្វើឱ្យការផ្គត់ផ្គង់សរុបកើនឡើង០,៥ភាគរយដល់១៨១.២៨០រ៉ៃ។
តម្លៃដីឧស្សាហកម្មជាមធ្យមនៅទូទាំងប្រទេសថៃបានកើនឡើង១,៦ភាគរយដល់ចំនួន៦,២លានបាត(ប្រហែល១៨៥.១៣៨ដុល្លារ)ក្នុងមួយរ៉ៃ(១៦០០ម៉ែត្រការ៉េ) បើធៀបនឹងតម្លៃចំនួន៦លានបាតក្នុងមួយរ៉ៃក្នុងឆមាសទីពីរនៃឆ្នាំ២០២៣។ ក្នុងនោះ តម្លៃដីឧស្សាហកម្មជាមធ្យមនៅក្នុងតំបន់ទីក្រុងបាងកក(Great Bangkok) មានទំហំទឹកប្រាក់ចំនួន១១,១លានបាត(ប្រហែល៣៣១.៤៥៧ដុល្លារ)ក្នុងមួយរ៉ៃ កើនឡើង២,២ភាគរយ។
ក្នុងនោះ តម្លៃដីខ្ពស់ជាងគេបំផុតត្រូវបានកត់ត្រានៅក្នុងតំបន់ឧស្សាហកម្ម Gemopolis ក្នុងខេត្តសាមុតប្រាកាន (Samut Prakan)នៃតំបន់ Great Bangkok ដោយបានកើនឡើងដល់ចំនួន១៦លានបាត(ប្រហែល៤៧៨.០៤០ដុល្លារ)ក្នុងមួយរ៉ៃ។
តម្លៃដីជាមធ្យមខ្ពស់បំផុតលំដាប់ទី២ មានទីតាំងនៅតំបន់ច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) ដោយដីក្នុងមួយរ៉ៃមានតម្លៃ៦,៧លានបាត កើនឡើង១,២%។ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ជាតំបន់សេដ្ឋកិច្ចពិសេស ដែលគ្របដណ្តប់ខេត្តចំនួន៣នៅភាគខាងកើតប្រទេសថៃ រួមមានខេត្តឈុនបុរី ខេត្តរ៉ាក់យ៉ង និងខេត្តឆាឈឿងសៅ។
លោក Marcus Burtenshaw អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានលើកឡើងថា តម្រូវការដីឧស្សាហកម្មនៅក្នុងប្រទេសថៃ ជាពិសេសតំបន់ EEC បានបង្ហាញពីសញ្ញាដ៏រឹងមាំ និងនិរន្តរភាពក្នុងឆមាសទីមួយនៃឆ្នាំនេះ៕ប្រភព:Bangkok Post៕