ដោយ គង់ សូរិយា
ភ្នំពេញ៖ តើលោកអ្នកបានត្រៀមខ្លួន និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការទូទាត់សាច់ប្រាក់តាមបច្ចេកវិទ្យាហើយឬនៅ ខណៈដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរការទូទាត់សាច់ប្រាក់តាមបែបប្រពៃណី មកប្រើប្រាស់បច្ចេកវិទ្យាដើម្បីទូទាត់សាច់ប្រាក់។
លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១១ តុលានេះថា កាលណាបច្ចេកវិទ្យារីកចម្រើន នឹងជួយដល់សេដ្ឋកិច្ចជាតិ ដោយការទូទាត់សាច់ប្រាក់សុទ្ឋ នឹងត្រូវជំនួសដោយការទូទាត់សាច់ប្រាក់តាមរយៈបច្ចេកវិទ្យា ដូចជា ទូរស័ព្ទដៃ ឬវីសាកាតជំនួសវិញ។លោកបន្តថា ប្រព័ន្ឋបច្ចេកវិទ្យា នឹងជួយបង្កើនសកម្មភាពសេដ្ឋកិច្ចជាងមុន ព្រោះការទូទាត់កាន់តែមានភាពងាយស្រួល។
លោកបន្តថា ប្រព័ន្ឋហិរញ្ញវត្ថុកម្ពុជាកំពុងតែវិវត្តន៍រីកចម្រើន និងផ្លាស់ប្តូរពីរបៀបទូទាត់តាមបែប្រពៃណី មកទូទាត់តាមបែបបច្ចេកវិទ្យា។
-->
ប្រធានស្តីទីសមាគមធនាគារកម្ពុជា លោកឆារស៍ វ៉ាន់បានថ្លែងថា បច្ចុប្បន្នមានបច្ចេកវិទ្យាច្រើន កំពុងអនុវត្តន៍នៅក្នុងប្រព័ន្ឋហិរញ្ញវត្ថុកម្ពុជា ដែលបច្ចេកវិទ្យាខ្លះប្រើប្រាស់សម្រាប់ទូទាត់សាច់ប្រាក់តិច និងប្រព័ន្ឋខ្លះទូទាត់សាច់ប្រាក់ធំ ហើយការទូទាត់ខ្លះធ្វើឡើងតាមទូរស័ព្ទ ដោយប្រើប្រាស់ការទូទាត់តាមប្រព័ន្ឋ QR Code។លោកបន្តថា ប្រព័ន្ឋបច្ចេកវិទ្យាបានជួយសម្រួលជាច្រើន ដោយប្រជាពលរដ្ឋមិនចាំបាច់កាន់កាបូបប្រាក់ទៀតទេ ដោយពួកគេអាចទូទាត់សាច់ប្រាក់តាមទូរស័ព្ទបាន ដែលប្រព័ន្ឋបែបនេះកំពុងរីកចម្រើនខ្លាំងនៅប្រទេសចិន។
លោកបន្តថា បច្ចេកវិទ្យាកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ ដោយជំរុញឲ្យមានកំណើនក្នុងសេដ្ឋកិច្ចរបស់យើង ដែលគាំទ្រដោយប្រព័ន្ឋបច្ចេកវិទ្យា។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ប្រព័ន្ឋធនាគារនានានៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដោយសារការនាំមកនូវបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍ថ្មីៗពីអ្នកវិនិយោគ និងអ្នកជំនាញមកពីបរទេស ដែលផ្តល់ផលចំណេញដល់កម្ពុជាទាំងលើទុន និងចំនេះដឹង ដែលកម្ពុជាត្រូវរៀនសូត្របន្ថែមទៀត៕