អ្នកជំនាញមួយរូបបង្ហាញការជឿជាក់លើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

0

Kong Leanghour, [25/10/2024 14:51]
អ្នកជំនាញមួយរូបបង្ហាញការជឿជាក់លើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកបណ្ឌិត Alexander Evengroen អ្នកជំនាញដ៏ល្បីមួយរូបក្នុងវិស័យធុរកិច្ចនៅកម្ពុជា បានបង្ហាញនូវចក្ខុវិស័យរបស់លោកក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនាមជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Evengroen Solution Group Co., Ltd. លោកបណ្ឌិតបានចែករំលែកការយល់ដឹងជាយុទ្ធសាស្រ្តលើការពង្រីកឱកាសក្នុងវិស័យជាច្រើន រួមមានដូចជា កសិកម្ម អចលនទ្រព្យ ផលិតកម្មកាត់ដេរ ធនាគារ លំហូរវិនិយោគផ្ទាល់ពីបរទេស និងថាមពលកកើតឡើងវិញ។

លោកអះអាងទៀតថា ការរក្សានិរន្តរភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ជាគន្លឹះដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ដោយលោកបណ្ឌិតបានបង្ហាញការជឿជាក់លើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពជោគជ័យផ្នែកសេដ្ឋកិច្ច។

លោកបណ្ឌិត Evengroen បានរៀបរាប់យ៉ាងលម្អិតអំពីសក្តានុពលនៅក្នុងវិស័យផ្សេងៗ ដោយលោកគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើការទាញយកសក្តានុពលចេញពីក្នុងវិស័យកសិកម្ម អចលនទ្រព្យ និងផលិតកម្ម ក្នុងចំណោមឧស្សាហកម្មដទៃទៀត។

ទី១. វិស័យកសិកម្ម៖ ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចជាតិ

លោកបណ្ឌិតអះអាងថា វិស័យកសិកម្មមានសក្ដានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈកសិកម្មជាវិស័យ ដែលចូលរួមចំណែកជាង២០% ដល់ផលទុនជាតិសរុប(GDP)របស់កម្ពុជា។ លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ផលិតភាពតាមរយៈការជឿនលឿនផ្នែកបច្ចេកវិទ្យា និងការអនុវត្តន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាព។

លោកបានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេសឱ្យស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មសរីរាង្គ កសិ-កែច្នៃ និងការពង្រីកការនាំចេញ ជាពិសេសសម្រាប់អង្ករ កៅស៊ូ និងផ្លែឈើ។

ទី២: វិស័យអចលនទ្រព្យ

លោកបណ្ឌិតបានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជាបានបន្តកើនឡើងក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ដោយសារការអភិវឌ្ឍន៍គម្រោងនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ASEAN Realtor Inc. លោកបណ្ឌិត Evengroen បានចង្អុលបង្ហាញឱកាសជាច្រើនដល់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ដែលកំពុងស្រូបទាញបានការវិនិយោគលើគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។

អ្នកជំនាញរូបនេះជឿជាក់ថា បណ្តាវិនិយោគិនអាចទទួលបានផលចំណេញខ្ពស់ពីការបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅតំបន់កណ្តាលទីក្រុង។

ទី៣: វិស័យឧស្សាហកម្មកាត់ដេរ

លោកបណ្ឌិត Alexander Evengroen អះអាងថា ការរក្សាបាននូវការប្រកួតប្រជែងនៅលើឆាកពិភពលោកជារឿងសំខាន់ ខណៈវិស័យកាត់ដេរគ្របដណ្តប់ចំនួន៨០ភាគរយនៃការនាំចេញរបស់កម្ពុជា។

ទី៤: វិស័យធនាគារ និងហិរញ្ញវត្ថុ

ឧស្សាហកម្ម​ធនាគារ​នៅកម្ពុជា​កំពុង​រីក​ចម្រើន​តាមរយៈ​ការ​ច្នៃប្រឌិតបង្កើត​ថ្មី ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។ លោកបណ្ឌិត Evengroen បានលើកឡើងថា សេរីភាពនៃគោលនយោបាយផ្នែកហិរញ្ញវត្ថុ និងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ផ្តល់ឱកាសយ៉ាងធំធេងសម្រាប់បណ្តាស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនបរទេស។

លោកបញ្ជាក់ថា “ការបើកចំហរវិស័យធនាគារ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគមួយដ៏ទាក់ទាញបំផុតនៅក្នុងតំបន់។ធនាគារឌីជីថល ដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ មានសក្តានុពលក្នុងការកំណត់ឡើងវិញនូវទិដ្ឋភាពក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា”។

លោកបណ្ឌិត Evengroen ក៏បានក្រើនរំលឹកឡើងវិញនូវគោលនយោបាយគាំទ្រការវិនិយោគរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនបរទេសក្នុងការបង្កើតវត្តមាននៅកម្ពុជា។ ជាមួយគ្នានេះ ការពន្លឿននីតិវិធីចុះបញ្ជីក្រុមហ៊ុន ការលើកទឹកចិត្តផ្នែកពន្ធដារ និងការអនុញ្ញាតឱ្យជនបរទេសអាចផ្ញើប្រាក់ចំណេញទៅកាន់ប្រទេសកំណើតដោយសេរី បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគទូទាំងពិភពលោក។

លោកបន្តថា “រដ្ឋាភិបាល​កម្ពុជា​កំពុង​បោះ​ជំហាន​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​បរិយាកាស​ដ៏ងាយស្រួល​សម្រាប់​អ្នក​វិនិយោគ។ វាដល់ពេលហើយ ដែលក្រុមហ៊ុនអន្តរជាតិគួរឈានជើងចូលទីផ្សារកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីគោលនយោបាយទាំងនេះ”។

លោកបណ្ឌិត Evengroen ក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានផ្តល់នូវមធ្យោបាយថ្មីសម្រាប់បណ្តាក្រុមហ៊ុន ដែលគ្រោងពង្រីកទីផ្សារនាំចេញរបស់ពួកគេ។

Kong Leanghour, [25/10/2024 14:51]
បន្ថែមពីនេះ ក្នុងនាមជាប្រធានសមាគមថាមពលកកើតឡើងវិញនៃកម្ពុជា លោកបណ្ឌិត Evengroen បានគូសបញ្ជាក់ពីសារៈសំខាន់នៃការងាកទៅរកប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងទំនប់វារីអគ្គិសនី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធានាបាននូវនិរន្តរភាព។

លោកជឿជាក់ថា“កម្ពុជាមានឱកាសនាំមុខគេក្នុងវិស័យថាមពលកកើតឡើងវិញ តាមរយៈការវិនិយោគប្រកបដោយភាពត្រឹមត្រូវ ហើយយើងអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ខាងវិស័យថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល”។

ដោយឡែក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូន ភស្តុភារ និងពាណិជ្ជកម្ម ជាធាតុផ្សំដ៏សំខាន់ក្នុងផែនការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់ថា ការកែលម្អកំពង់ផែ ផ្លូវថ្នល់ និងអាកាសយានដ្ឋាននឹងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការសម្រួលលំហូពាណិជ្ជកម្ម និងទាក់ទាញក្រុមវិនិយោគិនបរទេស។

លោកបានពន្យល់ថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ក្នុងការជំរុញការនាំចេញ និងគាំទ្រដល់កំណើននៃឧស្សាហកម្មសំខាន់ៗ ហើយយើងក៏មានសក្តានុពលក្នុងការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន និងទីក្រុងឆ្លាតវៃផងដែរ។

លោកបណ្ឌិត Evengroen ក៏បានចាត់ទុកការអប់រំជាកត្តាសំខាន់ក្នុងការធានាភាពជោគជ័យរបស់កម្ពុជា។ តាមរយៈការវិនិយោគលើការអប់រំ STEM និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្ពុជាអាចបង្កើតកម្លាំងពលកម្មដ៏មានជំនាញក្នុងឧស្សាហកម្មដែលមានតម្រូវការខ្ពស់ដូចជា បច្ចេកវិទ្យា វិស្វកម្ម និងការផលិត។

លោកបណ្ឌិតបន្ថែមថា“ការអប់រំជាគន្លឹះដើម្បីរក្សាបានភាពរុងរឿងក្នុងរយៈពេលយូរអង្វែង។យើងត្រូវផ្តោតលើការកសាងសមត្ថភាពធនធានមនុស្ស ដែលអាចជំរុញការច្នៃប្រឌិត និងគាំទ្រដល់ការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង”។

លោកបណ្ឌិត Evengroen ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ គំនិតផ្តួចផ្តើមទាំងនោះមានគោលបំណងពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ផែនទីចង្អុលបង្ហាញផ្លូវរបស់លោកបណ្ឌិត Alexander Evengroen សម្រាប់កម្ពុជា បានបង្ហាញពីឱកាសដ៏ច្រើនសម្រាប់បណ្តាវិនិយោគិន អ្នកអភិវឌ្ឍន៍ និងសហគ្រិន។

លោកបណ្ឌិតជឿជាក់យ៉ាងមុតមាំថា តាមរយៈការជំរុញកំណើននៅក្នុងវិស័យកសិកម្ម អចលនទ្រព្យ ថាមពលកកើតឡើងវិញ និងធនាគារ និងតាមរយៈការសហការគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិត Evengroen ក៏បានធ្វើការប្តេជ្ញាចិត្តផងដែរ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាទីប្រឹក្សា។លើសពីនេះ អនាគតរបស់ប្រទេសកម្ពុជាមានភាពភ្លឺស្វាង ហើយក្រុមអ្នកវិនិយោគគួរតែចាប់យកឱកាសនេះដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសមួយនេះ៕ប្រភព: LinkedIn.com៕

LEAVE A REPLY

Please enter your comment!
Please enter your name here