ដោយៈ គង់ សូរិយា
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានជម្រុញឲ្យមន្រ្តីនៅខេត្តភាគខាងជើង និងពាយ័ព្យរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឲ្យមានភាពប្រទាក់ក្រឡាគ្នា។
ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្រ្តីមន្ទីរទេសចរណ៍ខេត្តសៀមរាប និងចូលរួមពិធីម្ហូបអាហារកម្ពុជា ចិនកាលពីចុងសប្តាហ៍មុន លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តសៀមរាប ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ច ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
-->
លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់ សម្រាប់ក្រុមខេត្តតំបន់ភាគខាងជើង និងពាយ័ព្យ ដែលជាក្រុមខេត្តមួយ ក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្តរបស់ខ្លួន។
នៅថ្ងៃដដែល លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” ក្រោមបរិយាកាសឱឡារិក និងអធិកអធម នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប រួចមក លោករដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ ម្ហូបអាហារកម្ពុជា-ចិន ដែលជាសារៈសំខាន់ នៃការធ្វើបដិសណ្ឋាការកិច្ចយ៉ាងកក់ក្តៅ ស្នាមញញឹម ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារស និងសុខភាព រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប ព្រមទាំងវត្ថុអនុស្សាវរីយ៍ ដែលផលិតដោយខ្មែរ ជាពិសេសការលើកកម្ពស់គុណតម្លៃ នៃម្ហូបអាហារកម្ពុជា-ចិន បង្កើត ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរផងដែរ៕
