ដោយៈ គង់ សូរិយា
កំពតៈ បន្ទាប់ពីសាងសង់រូបសំណាកសេះសមុទ្រ និងនាឡិកាយក្ស ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នាពេលនេះអាជ្ញាធរខេត្តកំពុងរៀបចំសោភ័ណភាពបន្ថែមនៅក្នុងខេត្ត។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម។
-->
បន្ទាប់ពីចុះពិនិត្យទីតាំង រៀបចំពិធីបុណ្យសមុទ្ររួចមក នាល្ងាចថ្ងៃដដែលលោកបណ្ឌិត អភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំង ដើម្បីរៀបចំកែលម្អបន្ថែមនៅសួនបាញ់ទឹក រួមទាំងដាក់ភ្លើងលម្អជាដើម នៅរមណីយដ្ឋានស្រះឈូក ស្ថិតនៅខាងក្រោយសាលាខេត្តកំពត ហើយសួនទឹកនេះ នឹងស្ថិតនៅចំកណ្តាលនៃរមណីយដ្ឋានស្រះឈូក ដើម្បីបន្ថែមនូវសោភណភាព សម្រាប់ភ្ញៀវទេសចរមកអង្គុយលេងកម្សាន្ត ជាពិសេសជាកន្លែងអាចហាត់ប្រាណដ៏ពេញនិយមផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ : ៧៧៥ សជណ.ពទ ចុះថ្ងៃពុធ ៦ កើត ខែជេសដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ពិធីបុណ្យសមុទ្រឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តិទៅ នាថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
