ដោយ: គង់ លាងហួរ
ហុងកុង: វិមានភូមិគ្រឹះចំនួន២ នៅទីក្រុងហុងកុង ដែលធ្លាប់ជាកម្មសិទ្ធិរបស់លោកHui Ka Yan ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group បន្តស្វែងរកអ្នកទិញមិនទាន់ឃើញ បន្ទាប់ពីម្ចាស់បំណុលបានរឹបអូស និងដាក់លក់ក្នុងរយៈពេល១១ខែមកនេះ។
ភូមិគ្រឹះទាំងនោះត្រូវបានប្រកាសលក់ ក្នុងតម្លៃសរុបចំនួន៩០០លានដុល្លារហុងកុង (ប្រហែល១១៦លានដុល្លារអាមេរិក)។នេះបើយោងតាមប្រភព ដែលបានទម្លាយប្រាប់កាសែត Bloomberg។តម្លៃភូមិគ្រឹះទាំង២ ដែលមានទីតាំងនៅប្លុក 10 Black’s Link ក្នុងគម្រោងលំនៅដ្ឋានប្រណីត The Peak បានដាំក្បាលចុះចំនួន៤០ភាគរយ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣។
-->
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ជាចំណុចស្នូលមួយ នៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងជាប់ផុង ក្នុងសំណុំរឿងខកខានទូទាត់បំណុលដ៏ធំបំផុតមួយក្នុងប្រទេស។
កាលពីខែមករា ឆ្នាំ២០២៤ តុលាការក្នុងទីក្រុងហុងកុងបានបញ្ជាឱ្យបិទដំណើរការក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ចិន ខណៈក្រុមហ៊ុន Evergrande មិនអាចផ្ដល់នូវផែនការរៀបចំ លក្ខខណ្ឌបំណុលឡើងវិញដ៏ជាក់លាក់បាន។
វិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ចិន បានចាប់ផ្តើមនៅឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុន Evergrande Group ខកខានសងបំណុល។ ក្រុមហ៊ុន Evergrande រួមជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនផ្សេងទៀត បានជួបប្រទះភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ និងបទប្បញ្ញត្តិថ្មីជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិនស្តីពី ការរឹតបន្តឹងដែនកំណត់បំណុលរបស់ក្រុមហ៊ុនទាំងនេះ។
កាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសបង្កើនការផ្តល់មូលនិធិ ដល់គម្រោងអចលនទ្រព្យជាប់គាំង ការបញ្ចុះទំហំបង់ប្រាក់កក់ ការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះ ព្រមទាំងលើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋាន ជួយទិញផ្ទះពីអ្នកអភិវឌ្ឍន៍ដើម្បីជំរុញការលក់ និងលំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍៕ប្រភព: Vnexpress៕
