ការព្យាករណ៍ៈ ភ្ញៀវទេសចរណ៍ចិននឹងចំណាយប្រាក់ដល់៧ពាន់លានដុល្លារនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាជ្ញាធរម៉ាឡេស៊ីរំពឹងថា ការចំណាយរបស់ភ្ញៀវទេសចរណ៍ចិន នៅក្នុងប្រទេសម៉ាឡេស៊ីនឹងកើនទឹកប្រាក់លើសពី៣០ពាន់លានរីងហ្គីត (ប្រហែល៦,៩ពាន់លានដុល្លារ)នៅឆ្នាំក្រោយ កើនឡើងជិត២ដង បើធៀបនឹងកម្រិតមុនវិបត្តិជំងឺកូវីដ-១៩។

សារពត៌មាន The Star បានរាយការណ៍ដោយដកស្រង់ប្រភពពីធនាគារវិនិយោគ Maybank មកចុះផ្សាយថា ការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរណ៍ ក្នុងឆមាសទីមួយនៃឆ្នាំនេះ មានការកើនឡើង២៧ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ធនាគារ Maybank បានបន្ថែមថា ភ្ញៀវទេសចរណ៍ចិនបានចំណាយប្រាក់ជាមធ្យម ចំនួន៦.២៤២រីងហ្គីត នៅចន្លោះខែមករាដល់ខែមិថុនាឆ្នាំនេះ ធៀបនឹងការចំណាយប្រាក់ជាមធ្យមចំនួន៤.៩២១រីងហ្គីត ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ធនាគារបានកត់សម្គាល់ថា “យើងប៉ាន់ប្រមាណថា លំហូរភ្ញៀវទេសចរណ៍ចិន ចូលប្រទេសម៉ាឡេស៊ី នឹងកើនឡើង៦០%ដល់ចំនួន៥លាននាក់នៅឆ្នាំ២០២៥ បើប្រៀបធៀបនឹងឆ្នាំ២០១៩”។

ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ចំនួន២,២លាននាក់ កើនឡើង១៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  មុនពេលផ្ទុះជំងឺរាតត្បាត ម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរណ៍ចំនួន៣,១លាននាក់ពីប្រទេសចិន។ នេះបើយោងតាមការរាយការណ៍ឱ្យដឹងពីកាសែត New Straits Times។

កាលពីខែធ្នូ ឆ្នាំមុន ប្រទេសម៉ាឡេស៊ី បានសម្រេចលើកលែងទិដ្ឋាការ រយៈពេល៣០ថ្ងៃសម្រាប់ពលរដ្ឋចិន ហើយគោ​លការណ៍នេះ នឹងត្រូវបានបន្តអនុវត្តន៍ រហូតដល់ឆ្នាំ២០២៦ខាងមុខ៕ប្រភព: Vnexpress៕


LEAVE A REPLY

Please enter your comment!
Please enter your name here