ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងដឹកជញ្ជូនថៃ គ្រោងសិក្សាលទ្ធភាពប្រមូល “ថ្លៃកកស្ទះ” នៅទីក្រុងបាងកក ដើម្បីកាត់បន្ថយចរាចរណ៍ផ្លូវគោក និងធ្វើឱ្យសំបុត្ររថភ្លើងអគ្គិសនី មានតម្លៃសមរម្យ។
លោក Suriya Jungrungreangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានប្រកាសថា ក្រសួងគ្រោងធ្វើការសិក្សា ក្នុងរយៈពេល៦ខែទៅ១២ខែ ដើម្បីវាយតម្លៃលទ្ធភាព នៃការទាមទារប្រាក់ពីអ្នកបើកបររថយន្តលើដងផ្លូវ ដែលមានការកកស្ទះខ្លាំងនៅក្នុងទីក្រុងបាងកក។
ការទាមទារថ្លៃកកស្ទះ (congestion fee) គ្រោងអនុវត្តន៍ចំពោះយានយន្តបើកបរ នៅលើដងផ្លូវក្នុងរាជធានី ដែលមានទិសដៅស្របទៅនឹងផ្លូវរថភ្លើង។ ការទាមទារនេះ ត្រូវបានប៉ាន់ស្មានថា មានតម្លៃចន្លោះពី៤០ ទៅ៥០បាត (ប្រហែល១,១៩ដុល្លារទៅ១,៤៨ដុល្លារអាមេរិក) ក្នុងមួយគ្រឿង។
ចំណែក ប្រាក់ចំណូលនឹងត្រូវបានបញ្ជូន ទៅកាន់កញ្ចប់មូលនិធិ ដែលមានតម្លៃ២០០ពាន់លានបាត។ មូលនិធិនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងទិញសិទ្ធិគ្រប់គ្រង ប្រតិបត្តិការផ្លូវដែកពីក្រុមហ៊ុនឯកជន។ ចំណាត់ការនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលថៃ អាចលក់សំបុត្ររថភ្លើង ក្នុងតម្លៃសមរម្យជាងមុន។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការទាមទារថ្លៃកកស្ទះ ជាផ្នែកមួយ នៃផែនការរបស់រដ្ឋាភិបាលថៃ ក្នុងការកំណត់តម្លៃសំបុត្ររថភ្លើងអគ្គិសនី នៅត្រឹម២០បាត (ប្រហែល០,៥៩ដុល្លារ) ក្នុងមួយជើង សម្រាប់គ្រប់ខ្សែរថភ្លើងទាំងអស់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោកជឿជាក់ថា ការបញ្ចុះតម្លៃសំបុត្ររថភ្លើង នៅទីក្រុងបាងកក មកនៅថេរត្រឹម២០បាត នឹងជំរុញឱ្យមនុស្សកាន់តែច្រើនងាកមកជិះរថភ្លើងអគ្គិសនី ជំនួសឱ្យការបើកបរ។ រដ្ឋាភិបាលថៃ បានទាញយកគម្រូនេះ ពីបណ្តាប្រទេសផ្សេងទៀត និងបានពិចារណាយកវិធានការនេះ មកអនុវត្ដន៍នៅទីក្រុងបាងកក។
ការបើកបរយានជំនិះផ្ទាល់ខ្លួន គ្របដណ្តប់ចំនួន៦៨,៧ភាគរយ នៃចរាចរណ៍ធ្វើដំណើរសរុប នៅក្នុងទីក្រុងបាងកក ខណៈការដឹកជញ្ជូនសាធារណៈ គ្របដណ្តប់ចំនួន២០,២% ការធ្វើដំណើរដោយថ្មើរជើង គ្របដណ្តប់ចំនួន៥% តាក់ស៊ីគ្របដណ្តប់ចំនួន៤,២% ហើយរថយន្តក្រុងគ្របដណ្តប់ចំនួន១,៩%៕ប្រភព: Vnexpress៕