តើការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនមានឥទ្ធិពលបែបណាលើសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញមួយរូបរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសជប៉ុនបានលើកឡើងថា ការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនមានអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ព្រោះការណ៍នេះជះឥទ្ធិពលវិជ្ជមានទៅលើសកម្មភាពនាំចេញច្រើនជាងការកើនឡើងនៃតម្លៃទំនិញនាំចូល។

លោកស្រី Nada Choueiri ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំជប៉ុនបានអះអាងនៅក្នុងបទសម្ភាសន៍មួយថា ធនាគារកណ្តាលជប៉ុន (BoJ) គួរតែបន្តប្រកាន់ជំហរប្រុងប្រយ័ត្ន ដូចដែលខ្លួនបានធ្វើនាពេលកន្លងមក ហើយធនាគារកណ្តាលជប៉ុនក៏គួរតែដំឡើងអត្រាការប្រាក់ជាបណ្តើរៗ ដោយសារទស្សនវិស័យអតិផរណាមិនទាន់មានស្ថិរភាពនៅឡើយ។

កាលពីពេលថ្មីៗនេះ តម្លៃប្រាក់យ៉េនបានបន្តដាំក្បាលចុះបើធៀបនឹងប្រាក់ដុល្លារ អាមេរិក ដោយសារការរំពឹងទុកថា គម្លាតរវាងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងជប៉ុននឹងនៅតែមានកម្រិតខ្ពស់។ ការណ៍នេះបានធ្វើឱ្យរដ្ឋាភិបាលជប៉ុនព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានលើប្រជាជនរបស់ខ្លួន ដោយសារតែការកើនឡើងនៃតម្លៃទំនិញនាំចូល។

ទោះជាយ៉ាងណា លោកស្រី Choueiri បានគូសបញ្ជាក់ថា អត្ថប្រយោជន៍ ដែលទទួលបានពីការកើនឡើងនៃការនាំចេញ មានកម្រិតលើសពីការកើនឡើងនៃតម្លៃនាំចូល ដែលផ្តល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជប៉ុន។ ដូច្នេះ ការ​ធ្លាក់​ថ្លៃ​ចុះនៃប្រាក់​យ៉េន​មាន​អត្ថប្រយោជន៍​ជា​មូលដ្ឋាន​សម្រាប់​កំណើន​សេដ្ឋកិច្ចរបស់​ប្រទេស​ជប៉ុន។

បន្ទាប់ពីបញ្ចប់កម្មវិធីជំរុញសេដ្ឋកិច្ចរយៈពេល១០ឆ្នាំក្នុងខែមីនា ឆ្នាំ២០២៤ ធនាគារកណ្តាលជប៉ុន (BoJ) បានដំឡើងអត្រាការប្រាក់រយៈពេលខ្លីដល់ចំនួន០,២៥ភាគរយក្នុងខែកក្កដា ឆ្នាំ២០២៤ និងបានបង្ហើបពីផែនការក្នុងការបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចជប៉ុនសម្រេចបានវឌ្ឍនភាពល្អប្រសើរឆ្ពោះទៅរកគោលដៅអតិផរណាក្នុងរង្វង់២ភាគរយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា អត្រាអតិផរណារបស់ប្រទេសជប៉ុននឹងថយចុះទៅដល់គោលដៅក្នុងរង្វង់២ភាគរយប្រកបដោយនិរន្តរភាព។ ទោះជាយ៉ាងណា ធនាគារ BoJ ចាំបាច់ត្រូវប្រកាន់ជំហរប្រុងប្រយ័ត្នក្នុងការដំឡើងអត្រាការប្រាក់ដោយសារហានិភ័យផ្សេងៗ ដូចជាផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើការនាំចេញ ការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់ និងកំណើនប្រាក់ឈ្នួល ក៏ដូចជាផលប៉ះពាល់ពីការប្រែប្រួលនៃតម្លៃប្រាក់យ៉េនលើអត្រាអតិផរណា។

យោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយនៅខែតុលានេះ មូលនិធិ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងកើនឡើងត្រឹមតែ០,៣ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៤នេះ មុនពេលកើនឡើងដល់១,១ភាគរយនៅឆ្នាំ២០២៥ខាងមុខ៕ប្រភព:Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here