ស្ថាប័នជំនាញព្យាករណ៍ថា តម្រូវការអគារការិយាល័យបៃតងក្នុងប្រទេសម៉ាឡេស៊ីនឹងហក់ឡើងខ្ពស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្រូវការអគារការិយាល័យបៃតង នៅក្នុងប្រទេ សម៉ាឡេស៊ី ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយអាចឈានដល់ប្រហែល១០លានហ្វីតការ៉េជារៀងរាល់ឆ្នាំ។

ទោះជាយ៉ាងណា បច្ចុប្បន្នតម្រូវការនេះ នៅមិនទាន់ត្រូវបានឆ្លើយតបនៅឡើយទេ។ នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់អចលនទ្រព្យ JLL Malaysia។

លោកស្រី Yulia Nikulicheva ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន JLL Malaysia បានលើកឡើងថា ការផ្គត់ផ្គង់គ្រប់គ្រាន់ នៃអគារបៃតងអាចសម្រេចទៅបាន តាមរយៈការធ្វើឱ្យប្រសើរឡើង នូវអគារដែលមានស្រាប់ ឬការសា ងសង់អគាររចនាសម្ព័ន្ធថ្មី។

លោកស្រីបន្តថា “ខ្ញុំ​ជឿ​ថា​ នេះ​ជា​បញ្ហា​ដែលមានដំណោះស្រាយ ​ព្រោះ​អគារ​ចាស់ៗ​ជា​ច្រើន​មាន​សក្ដានុពល​ និងអាចត្រូវបានធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ដោយ​លក្ខណៈ​បៃតង”។

លោកស្រីបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងពេលបើកសម្ពោធ របាយការណ៍ស្តីពី សក្ដានុពលទីផ្សារការិយាល័យប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ថា “បច្ចុប្បន្ននេះ ទិដ្ឋភាពផ្នែកហិរញ្ញវត្ថុ មានការប្រកួតប្រជែងខ្លាំង ហើយអគារមួយចំនួន ក៏អាចត្រូវបានគេប្រើប្រាស់ឡើងវិញ ក្នុងគោលបំណងផ្សេងទៀតផងដែរ”។

លោកស្រី Nikulicheva បានកត់សម្គាល់ថា ទីផ្សារអគារការិយាល័យបៃតង នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងដំណើរការល្អ។ ប៉ុន្តែ ម៉ាឡេស៊ី នៅតែដើរយឺតជាងប្រទេសសិង្ហបុរី ដែលមានទំហំផ្ទៃក្រឡា អគារការិយាល័យបៃតងច្រើនជាង។

អ្នកជំនាញរូបនេះបានចង្អុលបង្ហាញថា ទីផ្សារការិយា​ល័យចាស់ៗមួយចំនួន ដូចជា អគារនៅក្នុងប្រទេសជប៉ុន និងទីក្រុងហុងកុង កំពុងប្រឈមមុខនឹងបញ្ហាកាន់តែច្រើន ក្នុងការផ្លាស់ប្តូរទៅរកស្ថានភាពថ្មី។

ប៉ុន្តែចំពោះលក្ខខណ្ឌនៅប្រទេសម៉ាឡេស៊ី លោកស្រីបានគូសបញ្ជាក់ថា“ យើងមានស្ថានភាពល្អណាស់ ដោយសារអគា​រជាច្រើន ត្រូវបានសាងសង់នាពេលថ្មីៗនេះ។ ទោះបីជាអគារទាំងនោះ មិនមានលក្ខណៈពិសេសបែបបៃតង យ៉ាងណាក្តី យើងយល់ឃើញថា ម្ចាស់អគារទាំងនេះ អាចអនុវត្តន៍ការផ្លាស់ប្តូរបៃតងបាន”។

លោកស្រីបន្ថែមថា ចាប់ពីឆ្នាំនេះ យើងបានសង្កេតឃើញម្ចាស់អគារកាន់តែច្រើន កំពុងអនុវត្តន៍គំនិតផ្តួចផ្តើម ក្នុងការធ្វើឱ្យអគាររបស់ពួកគេមានភាពបៃតង ហើយនៅឆ្នាំក្រោយ និងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត គម្រោងអភិវឌ្ឍន៍បែបនេះ នឹងកើនឡើងកាន់តែច្រើន៕ប្រភព: Bernama៕


LEAVE A REPLY

Please enter your comment!
Please enter your name here