កូរ៉េខាងត្បូងគ្រោងយកលំនាំតាមតំបន់ Times Square របស់ទីក្រុងញូវយ៉ក មកអនុវត្តន៍ក្នុងរដ្ឋធានីសេអ៊ូល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូងគ្រោ​ងនឹងប្រែក្លាយតំបន់ Myong-dong ក្នុងសង្កាត់Jung ទៅជាមជ្ឈ​មណ្ឌលប្រព័ន្ធផ្សព្វផ្សាយដ៏រស់រវើក ដោយយកលំនាំស្រដៀងនឹងតំបន់ Times Square របស់ទីក្រុងញូវយ៉ក តាមរយៈការដំឡើងផ្ទាំងអេឡិចត្រូនិច LED និងផ្ទាំងឌីជីថល ក្នុងគោលបំណងទាក់ទាញមនុស្ស កាន់តែច្រើនឱ្យចូលមកទស្សនា។

ចាប់ពីឆ្នាំនេះ ផ្ទាំងអេក្រង់ LED ខ្នាតធំៗចំនួន១៦ និងផ្ទាំងឌីជីថលចំនួន៨០ នឹងត្រូវបានបំពាក់ដំឡើង នៅលើអគារនានានៃតំបន់ Myeong-dong នៅក្នុងរដ្ឋធានីសេអ៊ូល។

Myeong-dong ជាគោលដៅដ៏ពេញនិយមបំផុតមួយរបស់ទីក្រុងសេអ៊ូល ដែលមានភ្ញៀវទេសចរណ៍ បរទេសចំនួន៧៧ភាគរយចូលមកទស្សនាតំបន់នេះ។ Myeong-dong ត្រូវបានគេចាត់ទុកជាទីតាំងដ៏មានសក្តានុពល សម្រាប់ការផ្សព្វផ្សាយជាសកល តាមរយៈការបញ្ចាំងផ្ទាំងផ្សាយពាណិជ្ជកម្ម(Ads)។

គំនិតផ្តួចផ្តើមខាងលើ មានគោលបំណងធ្វើឱ្យតំបន់នេះមានភាពរស់រវើកឡើងវិញ និងដាក់បង្ហាញខ្លឹមសារទេសចរណ៍វប្បធម៌ថ្មីៗ ខណៈចំនួនអ្នកចូលមកទស្សនា បានកើនឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ការិយាល័យសង្កាត់ Jung មានគោលបំណងបង្កើត“ទីលាន Myeong-dong Square”ឱ្យក្លាយជា Landmark ថ្មីមួយរបស់ទីក្រុងសេអ៊ូល និងបង្កើនភាពទាក់ទាញ ដល់ផ្លូវដើរទិញឥវ៉ាន់ តាមរយៈការចាក់បញ្ចាំង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មខ្នាតធំដើម្បីទាក់ទាញម៉ាកយីហោល្បីៗនៅលើពិភពលោក។

កាលពីខែធ្នូ ឆ្នាំមុន តំបន់ Myeong-dong ត្រូវបានកំណត់ជាតំបន់ពិសេសមួយ ខណៈរដ្ឋបាលទីក្រុងសេអ៊ូល អនុញ្ញាតឱ្យការិយាល័យសង្កាត់ Jung អាចដំឡើងផ្ទាំងអេក្រង់អេឡិចត្រូនិចដោយគ្មានការរឹតត្បិត និងអាចដំឡើងស្លាកសញ្ញាឌីជីថលនានាដោយសេរី ដោយមិនគិតពីរូបរាង ទំហំ ឬពណ៌ឡើយ។

វិធានការនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យទេសភាពតាមដងផ្លូវ ក្នុងទីក្រុងមានសភាពដ៏រស់រវើក ប្រក​បដោយភាពស្វាហាប់ ដែលស្រដៀងនឹងតំបន់ Times Square របស់ទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។

គំនិតផ្តួចផ្តើមនេះ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាជំហានសន្សឹមៗហើយ ដោយក្នុងនោះ គេបានសង្កេតឃើញមានការដំឡើងផ្ទាំងអេក្រង់អេឡិចត្រូនិកធំៗ លើអគារនានានៅជិតតំបន់ Myeong-dong រួមមានអគារសាខាធំរបស់ផ្សារទំនើប Shinsegae Department Store អគារទីស្នាក់ការកណ្តាលរបស់ធនាគារ Hana និងអគារ Kyowon ។

យោងតាមការិយាល័យសង្កាត់បានឱ្យដឹងថា ការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម នៅខាងក្រៅអគារ ក្នុងតំបន់ Myeong-dong នឹងត្រូវបញ្ចប់ក្នុងទស្សវត្សរ៍ក្រោយ ហើយគម្រោងនេះនឹងបញ្ចប់នៅត្រឹមឆ្នាំ២០៣៣ខាងមុខ៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here