ស្ថាប័នខ្នាតយក្សចំនួន៣ព្យាករណ៍ថា វិស័យអចលនទ្រព្យរបស់ប្រទេសចិននឹងមានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនស្រាវជ្រាវចំនួន៣ស្ថាប័នបានបង្ហាញរបាយការណ៍ព្យាករណ៍របស់ខ្លួននៅខែតុលានេះថា វិស័យអចលនទ្រព្យរបស់ប្រទេសចិននឹងមានស្ថិរភាពឡើងវិញនៅក្នុងឆមាសទីពីរ ឆ្នាំ២០២៥ខាងមុខ។នេះបើយោងតាមការដកស្រង់ដោយសារពត៌មាន CNBC។

ក្រុមអ្នកវិភាគលើកឡើងថា ទីផ្សារអចលនទ្រព្យចិនត្រូវការរយៈពេលយូរទើបមានស្ថិរភាពឡើងវិញ ទោះបីជារដ្ឋាភិបាលចិនបានប្រកាសដាក់ចេញវិធានការជំរុញជាបន្តបន្ទាប់នាពេលថ្មីៗនេះយ៉ាងណាក្តី។

ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs បានសរសរនៅក្នុងរបាយការណ៍“ទស្សនវិស័យអចលនទ្រព្យរបស់ប្រទេសចិនឆ្នាំ២០២៥”ថា “ទីបំផុត ការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនបានដើរមកដល់ចំណុចរបត់ហើយ”។

ក្រុមអ្នកវិភាគរំពឹងថា តម្លៃអចលនទ្រព្យនៅក្នុងប្រទេសចិននឹងមានស្ថិរភាពនៅចុងឆ្នាំ២០២៥ មុននឹងកើនឡើងក្នុងរង្វង់ជាមធ្យម២% ក្នុងរយៈពេលពីរឆ្នាំក្រោយមកទៀត។ ចំណែក ការលក់អចលនទ្រព្យ និងការសាងសង់ផ្ទះថ្មីនឹងស្ថិរភាពនៅឆ្នាំ២០២៧។

នៅក្នុងខែតុលានេះ ស្ថាប័ន S&P Global Ratings និងស្ថាប័ន Morgan Stanley ក៏បានចេញផ្សាយរបាយការណ៍ ដែលព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅប្រទេសចិននឹងដាំក្បាលចុះដល់បាតក្នុងឆមាសទីពីរនៃឆ្នាំក្រោយ។

លោក Edward Chan អ្នកវិភាគនៅក្រុមហ៊ុន S&P Global Ratings និងក្រុមការងាររបស់លោក បានអះអាងថា “ប្រសិនបើរដ្ឋាភិបាលចិនបន្តផ្តល់អាទិភាពលើការគាំទ្រផ្នែកហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍន៍ ហើយបើរដ្ឋបាលមូលដ្ឋានបន្តជួយទិញផ្ទះដែលលក់មិនដាច់ចេញពីស្តុក នោះយើងជឿថា ការលក់អចលនទ្រព្យ និងតម្លៃអចលនទ្រព្យអាចមានស្ថិរភាពនៅឆមាសទីពីរ ឆ្នាំ២០២៥”។

កន្លងទៅ ទីក្រុងប៉េកាំងបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ចេញកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក បានក្លាយជាគោលដៅអាទិភាពទី២របស់ខ្លួន បន្ទាប់ពីការជំរុញគោលនយោបាយ“កម្លាំងផលិតកម្មគុណភាពថ្មី”ដែលជាអាទិភាពទី១។

យ៉ាងណាមិញ ការសម្រេចឱ្យបាននូវគោលដៅនេះពុំមែនជារឿងងាយស្រួលនោះទេ ដោយសារតែវិស័យអចលនទ្រព្យធ្លាប់គ្របដណ្តប់ចំណែកជាងមួយភាគបួននៃផលទុនជាតិសរុបរបស់ប្រទេសចិន ហើយព្រមទាំងមានការជាប់ទាក់ទងជាមួយទ្រព្យសម្បត្តិក្នុងគ្រួសារចិន និងប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋបាលក្នុងតំបន់មូលដ្ឋាន។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគកំពុងឃ្លាំមើលយ៉ាងដិតដល់នូវកិច្ចប្រជុំសភាប្រជាជនចិននៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផែនការចំណាយសារពើពន្ធរបស់រដ្ឋាភិបាលចិន ដើម្បីកាត់បន្ថយលំនៅដ្ឋានដែលនៅសេសសល់ក្នុងស្តុក៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here