ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនផ្តល់សេវា Cloud ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Equinix បានប្រកាសបោះទុនចំនួន៥០០លានដុល្លារដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យនៅប្រទេសថៃ ដើម្បីបំពេញកំណើនតម្រូវការពីសំណាក់អតិថិជនក្នុងតំបន់ CLMVT។នេះបើយោងតាមក្រុមប្រឹក្សាវិនិយោគ (BoI)។
តំបន់ CLMVT សំដៅលើប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ដែលប្រទេសទាំងអស់នេះមានទីតាំងស្ថិតនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
លោក Narit Therdsteerasukdi អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ (Bol)បានថ្លែងថា “ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាមជ្ឈមណ្ឌលតភ្ជាប់អាជីវកម្មឌីជីថលនៅក្នុងតំបន់ CLMVT ដែលមានប្រជាជនរស់នៅជាង២៥០លាននាក់”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា ក្រុមហ៊ុន Equinix បានជ្រើសរើសប្រទេសថៃជាទីតាំងបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ខ្លួន ដោយសារតែអាជីវកម្មក្នុងស្រុកមួយចំនួនរបស់ថៃបានផ្លាស់ប្តូរទៅរកបរិវត្តកម្មឌីជីថល និងការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
លើសពីនេះ រាជរដ្ឋាភិបាលថៃបានដាក់ចេញគោលនយោបាយលើកទឹកចិត្តនានា ដើម្បីជំរុញការប្រើប្រាស់សេវាកម្ម Cloud និងទាក់ទាញការវិនិយោគពីក្រុមហ៊ុនផ្តល់សេវា Cloud នៅលើពិភពលោក។
កត្តាអំណោយផលផ្សេងទៀតដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្តាញអុីនធឺណេតកម្រិតខ្ពស់នៅក្នុងប្រទេសថៃក៏ជាចន្ទុលគាំទ្រដល់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យផងដែរ។ ជាក់ស្ដែង ប្រទេសថៃមានបច្ចេកវិទ្យាអុីនធឺណេតឥតខ្សែកម្រិត 5G ហើយចំនួនប្រជាជនថៃប្រមាណ៨៥ភាគរយសុទ្ធតែប្រើប្រាស់សេវាអុីនធឺណេត។
លោក Narit បានមានប្រសាសន៍ឱ្យដឹងទៀតថា “ការវិនិយោគរបស់ក្រុមហ៊ុន Equinix នឹងនាំទៅរកឱកាសសម្រាប់អាជីវកម្មក្នុងស្រុក ដើម្បីបង្កើតផលិតផល និងសេវាកម្មថ្មីៗ និងគាំទ្រដល់កំណើននៃឧស្សាហកម្ម រួមទាំងឧស្សាហកម្មផលិត ហិរញ្ញវត្ថុ ការលក់រាយ និងទេសចរណ៍”។
បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងដំណើរការមជ្ឈមណ្ឌលទិន្នន័យចំនួន២៦០ទីតាំង នៅក្នុងបណ្តាប្រទេសចំនួន៧២។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Bangkok Post។
លោក Narit បានគូសបញ្ជាក់ទៀតថា “យើងរំពឹងថា ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Equinix ទៅកាន់ប្រទេសថៃ នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់យើងបន្ថែមទៀត”៕ប្រភព: Bangkok Post៕