ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ីគ្រោងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ជាមួយបណ្តាប្រទេសមួយចំនួនដូចជាប្រទេសចិន ឥណ្ឌា និងសមាជិកអាស៊ាន។
លោក Zafrul Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម បានលើកឡើងថា “ការធ្វើឱ្យប្រសើរឡើងនេះមានគោលដៅដើម្បីទាញយកអត្ថប្រយោជន៍ពីការប្រែប្រួលនៃទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។ ជាពិសេសប្រទេសម៉ាឡេស៊ីនឹងកាន់តំណែងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ”។
ប្រទេសម៉ាឡេស៊ីនឹងចូលកាន់តំណែងជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីប្រទេសឡាវជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ខាងមុខ។
លោកបានបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) មួយចំនួនត្រូវបានចុះហត្ថលេខា គិតចាប់តាំងពីជាង១០ឆ្នាំមុន”។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើង និងត្រូវដាក់បញ្ចូលផ្នែកថ្មីៗដែលចាំបាច់ដូចជា វិស័យឌីជីថល និងនិរន្តរភាព។
លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំសង្ខេបស្តីពីការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំក្រោយថា “យើងបានពិភាក្សាអំពីសារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដែលយើងបានចុះហត្ថលេខារួចហើយជាមួយបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសចិន ឥណ្ឌា និងសូម្បីតែជាមួយបណ្តាប្រទេសសមាជិកអាស៊ានផ្ទាល់”។
គិតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១៦ ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងទ្វេរភាគី និងពហុភាគី។
ទន្ទឹមនឹងនេះ លោក Tengku Zafrul បានថ្លែងថា “យើងអាចធ្វើឱ្យទីផ្សារអាស៊ានក្លាយជាបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ជំនួសដ៏រឹងមាំសម្រាប់ឧស្សាហកម្មសំខាន់ៗដូចជាបន្ទះឈីប (semiconductors)ជាដើម”។
លោកក៏បានលើកឡើងផងដែរអំពីចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានដែលនឹងគ្របដណ្តប់រយៈពេល២០ឆ្នាំរហូតដល់ឆ្នាំ២០៤៥ ក៏ដូចជាចក្ខុវិស័យយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ានរយៈពេល៥ឆ្នាំ។ គំនិតផ្តួចផ្តើមទាំងពីរនឹងត្រូវបានដាក់ឱ្យដំណើរការ ក្នុងអំឡុងពេលដែលម៉ាឡេស៊ីធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ។
លោកបានបញ្ជាក់ទៀតថា ក្រៅពីនោះ ប្រទេសម៉ាឡេស៊ីក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លើកទីពីរផងដែរ។
លោកបានបន្ថែមថា នេះនឹងក្លាយជាលើកទីមួយ ដែលកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនឹងសម្លឹងមើលទៅលើទិដ្ឋភាពសេដ្ឋកិច្ចជាមួយម៉ាឡេស៊ីក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីស្វែងរកលទ្ធភាពក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕ប្រភព:Bernama៕