ប្រទេសថៃសម្រេចបើកច្រកព្រំដែនថ្មី និងពង្រីកម៉ោងធ្វើការនៅប៉ុស្តិ៍ត្រួតពិនិត្យជាមួយកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋាភិបាល​ថៃ​ បាន​ប្រកាស​បើក​ច្រក​ព្រំដែន​អចិន្ត្រៃយ៍​ថ្មី​រវាង​ថៃ និង​កម្ពុជា ព្រមទាំង​ពន្យារ​ម៉ោង​ប្រតិបត្តិការ​នៃ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដែល​មាន​ស្រាប់។

វិធានការទាំងនេះ សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ទស្សនាវដ្តី Royal Gazette បានចេញផ្សាយសេចក្តីប្រកាសចំនួនពីររបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោកស្រីនាយករដ្ឋមន្ត្រី Paethongtarn Shinawatra និងលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីប្រកាសទាំងនេះត្រូវបានគរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា ក្នុងគោលបំណងសម្រ​បសម្រួលពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងនោះសេចក្តីប្រកាសទី១ មានខ្លឹមសារស្តីពីការបើកច្រកព្រំដែនអចិន្ត្រៃយ៍ នៅស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ខេត្តស្រះកែវមានទីតាំង នៅទល់មុខនឹងច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រ​ទេ​សកម្ពុជា ដែលដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។

ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យថ្មីនេះ នឹងជួយកាត់បន្ថយការកកស្ទះ នៅច្រកបានកុងលឿក ឬច្រកអារញ្ញប្រាថេត ក្នុងគោលដៅជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញ ការបង្កើនពា​ណិជ្ជកម្ម និងជំរុញវិស័យទេសចរណ៍នៅតំបន់ព្រំដែន។

ចំណែក សេចក្តីប្រកាសទី២ បានរៀបរាប់លម្អិតអំពីការបន្ថែមម៉ោងប្រតិបត្តិការ សម្រាប់ច្រកព្រំដែន Chong Sa-ngam ក្នុងស្រុកភូស៊ីង ខេត្តស៊ីសាកេត ប្រទេសថៃ ដែលមានទីតាំងស្ថិតនៅទល់មុខច្រកចុងចោម ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។

ប៉ុស្តិ៍ត្រួតពិនិត្យនេះ នឹងបើកដំណើរការពីម៉ោង៧ព្រឹកដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃ កើនឡើងចំនួន២ម៉ោង បើប្រៀបធៀបនឹងកាលវិភាគចាស់ ដែលធ្វើការចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៨យប់។ ការពង្រីកម៉ោងធ្វើការនេះ ក៏ដោយសារការកើនឡើង នៃសកម្មភាពសេដ្ឋកិច្ចនៅច្រកព្រំដែន ដែលជំរុញដោយកំណើនពាណិជ្ជកម្ម។

លោកស្រី Traisulee Traisoranakul អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃបានលើកឡើងថា ការសម្រេចបើកប៉ុស្តិ៍ត្រួតពិនិត្យថ្មី និងការបង្កើនម៉ោងប្រតិបត្តិការ ជាសូចនាករចង្អុលបង្ហា​ញពីការរីកចម្រើន នៃទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសថៃ និងប្រទេសកម្ពុជា។

វិធានការថ្មីនេះត្រូវបានគេរំពឹងថា នឹងមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពផ្នែកភស្តុភារ និងទំហំពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទំនាក់ទំនងវប្បធម៌ និងសង្គ​មកាន់តែរឹងមាំ រវាងប្រទេសជិតខាងទាំង២ផងដែរ៕ប្រភព: Thaiger៕

LEAVE A REPLY

Please enter your comment!
Please enter your name here