ក្រុមហ៊ុនផលិតយន្តហោះចិន COMAC បើកការិយាល័យនៅសិង្ហបុរី ដើម្បីវាយលុកចូលទីផ្សារសកល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះចិន COMAC បានបើកការិយាល័យមួយ នៅក្នុងប្រទេសសិង្ហបុរី ខណៈក្រុមហ៊ុនគ្រប់​គ្រងដោយរដ្ឋចិនមួយនេះ កំពុងព្យាយាមវាយលុកចូលទៅកាន់ទីផ្សារយន្តហោះ ដឹកអ្នកដំណើរទូទាំងពិភពលោក។

បច្ចុប្បន្ន ចំណែកដ៏ធំបំផុត នៃទីផ្សារយន្តហោះពាណិជ្ជកម្មនៅលើពិភពលោក ត្រូវបានគ្រប់គ្រងដោយបណ្តាក្រុមហ៊ុនលោកខាងលិច ដូចជា ក្រុមហ៊ុនយក្សអាមេរិក Boeing និងក្រុមហ៊ុនអឺរ៉ុប Airbus ។

លោក Cao Zhongming ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសសិង្ហបុរី បានថ្លែងនៅក្នុងពិធីសម្ពោធថា ការបើកការិយាល័យថ្មីនេះ ជាការបោះជំហានដ៏សំខាន់មួយ របស់ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរចិន ក្នុងការបង្ហាញយន្តហោះរបស់ខ្លួនទៅក្រៅប្រទេស។

លោក​ឯកអគ្គរដ្ឋទូតចិន បាន​មានប្រសាសន៍ឱ្យដឹងបន្ថែម​ថា​ “យើងសង្ឃឹម​ថា ក្រុមហ៊ុនCOMAC នឹង​សម្រេចបានវឌ្ឍនភាពទៅមុខ​ជា​លំដាប់ ​នៅលើ​វិថី​នៃ​ការ​ធ្វើ​អន្តរជាតិ ភាវូបនីយកម្ម”។

នៅឆ្នាំនេះ ក្រុមហ៊ុនរដ្ឋចិន COMAC បានបង្កើនផែនការសម្រាប់ការផលិត និងលក់យន្តហោះដឹកអ្នកដំណើរ ដែលមានតួខ្លួនតូចចង្អៀត C919 របស់ខ្លួន ដែលជាប្រភេទស្រដៀងនឹងយន្តហោះ Boeing 737 MAX និងយន្តហោះ A320neo របស់ក្រុមហ៊ុន Airbus។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ន យន្តហោះ C919 មានសិទ្ធិហោះហើរបាន តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ យ៉ាងណាមិញ កន្លងទៅ ក្រុមហ៊ុន COMAC ក៏បានធ្វើយុទ្ធសាស្ដ្រទីផ្សារយន្តហោះរបស់ខ្លួននៅខាងក្រៅប្រទេសចិនផងដែរ។

ប៉ុន្តែប្រភពនានាបានអះអាងថា ប្រទេសចិននៅសេសសល់ផ្លូវដ៏វែងឆ្ងាយទៀត ដែលចិនត្រូវដើរបន្ត ដើម្បីធ្វើយ៉ាងណាឱ្យយន្តហោះរបស់ខ្លួន អាចត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាពិសេសចិន កំពុងស្វែងរកវិញ្ញាបនបត្រគោលពីសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here