ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់វៀតណាមបន្តស្ទុះងើបឡើងវិញក្នុងត្រីមាសទី៣

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាអ្នកវិនិយោគនានា បានបង្ហាញសុទិដ្ឋិនិ​យម ចំពោះកំណើនទីផ្សារអចលនទ្រព្យ បែបឧស្សាហកម្មរបស់វៀតណាម ដោយសារតែទីតាំងយុទ្ធសាស្ត្រ របស់ប្រទេ​សនេះ ហេដ្ឋារចនាសម្ព័ន្ធល្អ និងការកើនឡើងនៃតម្រូវការឧស្សាហកម្ម។​​

ទីផ្សារបានបង្ហាញសញ្ញា នៃការស្ទុះងើបឡើងវិញ ខណៈការផ្គត់ផ្គង់ឃ្លាំង និងតម្លៃជួលអចលនទ្រព្យ នៅភាគខាងត្បូងប្រទេសវៀតណាម បានកើនឡើងព្រមគ្នាក្នុងត្រីមាសទី៣។

រោងចក្រចំនួន៩២.០០០ម៉ែត្រការ៉េ និងឃ្លាំងចំនួន១៧៤.៤០០ម៉ែត្រការ៉េ ត្រូវបានបើកដំណើរការក្នុងត្រីមាសទី៣ ឆ្នាំនេះ កើនឡើង២% និង៣% រៀងគ្នាធៀបនឹងត្រីមាសទី២។

ការជួលដីឧស្សាហកម្ម ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ មានផ្ទៃក្រឡាសរុបចំនួន៨៣ហិកតា កើនឡើង១៤,៧% ធៀបនឹងត្រីមាសទី២។ ខេត្ត Long An  ខេត្ត Ba Ria–Vung Tau និងខេត្ត Binh Duong បានក្លាយជាគោលដៅក្នុងការវិនិយោគ ខណៈខេត្តទាំងនេះ បានទាក់ទាញសហគ្រាសជាច្រើន ដែលកំពុងធ្វើប្រតិបត្តិការក្នុងឧស្សាហកម្មផ្សេងៗគ្នា។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានអះអាងថា ការអភិវឌ្ឍន៍សួនឧស្សាហកម្មថ្មី ត្រូវបានគេរំពឹងថា នឹងបង្កើនភាពទាក់ទាញរបស់តំបន់ភាគខាងត្បូង នៃប្រទេសវៀតណាមចំពោះវិនិយោគិន។

ការជួលឃ្លាំងនៅភាគខាងជើង នៃប្រទេសវៀតណាមមានតម្លៃជាមធ្យម៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ កើនឡើង០,៦%ធៀបនឹងត្រីមាសទី២ និងកើនឡើង៣,៤%ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។ ការណ៍នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការទីតាំងឧស្សាហកម្មទំនើប និងស្តង់ដារខ្ពស់។

ទោះបីជាការផ្គត់ផ្គង់កើនឡើងយ៉ាងណាក្តី ក៏បណ្តាតំបន់ឧស្សាហកម្មនៅភាគខាងជើង ប្រទេសវៀតណាមបន្តសម្រេចបានអត្រាគ្របដណ្តប់ ការប្រើប្រាស់ជាមធ្យម(Occupancy rates)​ប្រហែល៩០ភាគរយ៕ប្រភព:Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here