ក្រុមអ្នកវិភាគ: ឥណ្ឌាអាចក្លាយជាគោលដៅវិនិយោគអចលនទ្រព្យលំដាប់កំពូលរបស់តំបន់អាស៊ី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសឥណ្ឌាអាចជំនួសប្រទេសចិន ដោយក្លាយជាគោលដៅ វិនិយោគអចលនទ្រព្យលំដាប់កំពូលរបស់តំបន់អាស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post។

ក្នុងបរិបទបច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងក្លាយជាមេដែកស្រូបទាញការវិនិយោគដ៏សំខាន់មួយ ខណៈបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន បានឈានជើងចូលមកកាន់ប្រទេសដែលមានប្រជាជន ច្រើនជាងគេនៅលើពិភពលោកមួយនេះ។

ទោះជាយ៉ាងណា លោកស្រី Ada Choi ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវ នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកឡើងថា  ឥណ្ឌានឹងត្រូវការពេលវេ​លា​យូរ មុនពេលប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេទី៣របស់តំបន់អាស៊ីមួយនេះ អាចពង្រឹងឋានៈរបស់ខ្លួនជាគោលដៅវិនិយោគចម្បង ដោយសារតែប្រទេសចិន និងជប៉ុនមានប្រព័ន្ធអេកូឡូស៊ីខ្ពស់ជាងឥណ្ឌា ក្នុងការជួយសម្រួលដល់ការវិនិយោគ។

កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន GIC របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុនដៃគូ Xander Group បានទិញការិយាល័យទំហំ២,៤លានម៉ែត្រការ៉េ នៅភាគខាងត្បូងនៃទីក្រុងHyderabad ក្នុងតម្លៃប្រហែល២៦២លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ក្រុមហ៊ុន CapitaLand India Trust ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី CapitaLand Investment Limited ក៏បានទិញយកភាគហ៊ុន១០០ភាគរយដើ​ម្បីគ្រប់គ្រងអគារ Phoenix Group IT ក្នុងទីក្រុង Hyderabadផងដែរ។

ដោយឡែក ក្រុមហ៊ុនសាជីវកម្ម Daibiru របស់ប្រទេសជប៉ុន កំពុងបណ្តាក់ទុនវិនិយោគ ទឹកប្រាក់ចំនួន១២៣,៥លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គម្រោងការិយាល័យ Atrium Placeនៅជិតរដ្ឋធានីដេលី(Delhi) ។

​ក្រុមអ្នកវិភាគអះអាងថា ការរីកចម្រើននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា និងការកើនឡើងនៃតម្រូវការការិ​យាល័យ កំពុងធ្វើឱ្យឥណ្ឌាក្លាយជាមេដែក ទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើននៅលើពិភពលោក៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here