រដ្ឋាភិបាលចិនប្រកាសបើកចំហវិស័យផលិតកម្មរបស់ខ្លួនទាំងស្រុងដល់ក្រុមវិនិយោគិនបរទេស

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានប្រកាសលុបចោលការរឹតបន្តឹងទាំងអស់ដើម្បីបើកឱកាសឱ្យក្រុមអ្នកវិនិយោគបរទេសអាចបណ្តាក់ទុនក្នុងវិស័យផលិតកម្មនៅប្រទេសចិន។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។

ការសម្រេចចិត្តនេះបានធ្វើឡើង ក្នុងគោលបំណងបើកចំហទ្វារឱ្យកាន់តែធំទូលាយ ដើម្បីស្វាគមន៍បណ្តាវិនិយោគិនបរទេសមកពីគ្រប់ទិសទី។

ការបោះពុម្ពផ្សាយជាថ្មីនូវបញ្ជីអវិជ្ជមានថ្នាក់ជាតិស្តីពីការវិនិយោគបរទេសបានចូលជាធរមាននៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានលុបចោលនូវគោលនយោបាយរឹតបន្តឹងមិនឱ្យក្រុមហ៊ុនបរទេសបោះទុនវិនិយោគលើការផលិតមុខទំនិញចំនួន២ក្នុងវិស័យផលិតកម្ម ដែលជាមុខទំនិញនៅសេសសល់ចុងក្រោយក្នុងបញ្ជីចាស់។

ចំណែក បញ្ជីអវិជ្ជមានថ្នាក់ជាតិស្តីពីការវិនិយោគបរទេសថ្មីចុងក្រោយបង្អស់ ដែលត្រូវបានបោះពុម្ពផ្សាយនៅដើមខែវិច្ឆិកានេះបានគូសបញ្ជាក់ថា វិស័យ ដែលត្រូវបានរឹតបន្តឹងមិនឱ្យវិនិយោគិនបរទេសឈានជើងចូល ត្រូវបានកាត់បន្ថយបន្ថែមទៀតមកនៅសល់ត្រឹមចំនួន២៩វិស័យ ។

ចំណែក បញ្ជីអវិជ្ជមានមួយទៀតដែលត្រូវបានអនុវត្តន៍នៅក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់ប្រទេសចិន បានសម្រេចលុបចោលការរឹតបន្តឹងទាំងស្រុងលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្មនៅឆ្នាំ២០២១។

យោង​តាម​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មួយ​ដែល​ចំណុះក្រោម​គណៈ​កម្មាធិការ​អភិវឌ្ឍន៍ និង​កំណែ​ទម្រង់​ជាតិចិន (NDRC) ការចងក្រងនូវបញ្ជីអវិជ្ជមានថ្នាក់ជាតិថ្មីនេះបង្ហាញថា ឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនបានឈានដល់កម្រិតបើកចំហរឈានមុខគេលើពិភពលោក ខណៈបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរតែទាំងអស់លើពិភពលោកបានដាក់កម្រិតលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម។

តម្លៃបន្ថែម(Value-added)លើការផលិតរបស់ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១០ ហើយចិនគ្របដណ្តប់ចំនួនប្រហែល៣០ភាគរយនៃផលិតកម្មសកលនៅឆ្នាំ២០២៣ ដែលធ្វើឱ្យប្រទេសចិនក្លាយជារោងចក្រផលិតកម្មដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា។

សម្រាប់ប្រទេសចិន ឧស្សាហកម្មផលិតកម្មជាវិស័យដំបូងបំផុត ដែលត្រូវបានបើកចំហទូលាយដល់វិនិយោគិនបរទេស ហើយផលិតកម្មក៏ជាវិស័យដែលមានការប្រកួតប្រជែងខ្លាំងបំផុតផងដែរ៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here