ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Singapore City Developments Limited (CDL) ដែលគ្រប់គ្រងដោយលោកមហាសេដ្ឋី Kwek Leng Beng បានឈ្នះការដេញថ្លៃទិញយកដីមួយកន្លែង នៅចំកណ្តាលទីក្រុងសៀងហៃ ក្នុងទំហំទឹកប្រាក់ចំនួន៨,៩៤ពាន់លានយ័ន(ប្រហែល១,៣ពាន់លានដុល្លារ)។
ការដេញថ្លៃទិញ ដោយក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរីខាងលើបានធ្វើឡើង ស្របពេលដែលទំនុកចិត្ត លើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងមានការកើនឡើងក្នុងចំណោមបណ្តាអ្នកវិនិយោគបរទេស។
ក្រុមហ៊ុនCDL និងដៃគូគ្រោងអភិវឌ្ឍន៍ក្បាលដីទំហំ២៧.៩៩៤ម៉ែត្រការ៉េស្ថិតនៅក្នុង សង្កាត់Xintiandi នៃស្រុក Huangpu នេះទៅជាគម្រោងប្រើប្រាស់ចម្រុះ ដែលរួមមានផ្ទះវីឡាចំនួន៩២យូនីត ផ្ទះល្វែងប្រណីតចំនួន១០២យូនីត សណ្ឋាគារ និងទីតាំងលក់រាយទំហំ៥ពាន់ម៉ែត្រការ៉េ។
ក្រុមហ៊ុនChenghong Shanghai ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស CDL នឹងកាន់កាប់ភាគហ៊ុនចំនួន៥១ភាគរយ ខណៈភាគហ៊ុនចំនួន៤៩ភាគរយ ដែលនៅសេសសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Lianfa Group ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកដំណើរការសាងសង់ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់រួចរាល់ទាំងស្រុង នៅត្រឹមឆ្នាំ២០៣០ខាងមុខ។
លោក Sherman Kwek នាយកប្រតិបត្តិនៃក្រុមហ៊ុន CDL បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តដេញថ្លៃ យកទីតាំងដីដ៏កម្រនេះពីតំបន់ Xintiandi ដ៏ល្បីល្បាញរបស់ទីក្រុងសៀងហៃ សរបញ្ជាក់ឱ្យឃើញពីទំនុកចិត្តរបស់យើងចំពោះការរំពឹងទុក នៃការរីកចម្រើនរយៈពេលវែងរបស់ប្រទេសចិន”។
លោកបានបន្ថែមទៀតថា “យើងកំពុងបង្កើនវត្តមានរបស់យើងនៅក្នុងប្រទេស ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ហើយយើងកំណត់គោលដៅ នៃឱកាសបង្កើតគម្រោងអភិវឌ្ឍន៍សំខាន់ៗ នៅក្នុងទីក្រុងកំពូលលំដាប់ទី១ និងលំដាប់ទី២”៕ប្រភព: SCMP៕