ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះថ្មី របស់បណ្តាក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស នៅប្រទេសចិន បានកើនឡើងជាលើកដំបូងកាលពីខែតុលា ឆ្នាំនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញវិធានការ ដើម្បីដោះស្រាយការធ្លាក់ចុះ នៃទីផ្សារអចលនទ្រព្យនារយៈពេល៤ឆ្នាំកន្លងមកនេះ។
ជាក់ស្ដែង ការលក់លំនៅដ្ឋាន របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ កំពូលទាំង១០០របស់ប្រទេសចិន បានកើនឡើងក្នុងរង្វង់៧,១ភាគរយ នៅក្នុងខែតុលា ធៀបនឹងឆ្នាំមុនដែលទំហំទឹកប្រាក់ បានកើនដល់ចំនួន៤៣៥,៥ពាន់លានយ័ន (ប្រហែល៦១,១ពាន់លានដុល្លារ)។
-->
ប្រសិនបើធៀបទៅនឹងខែកញ្ញា ការលក់លំនៅដ្ឋានបានកើនឡើង៧៣ភាគរយ។ នេះបើតាមទិន្នន័យ ដែលចេញផ្សាយដោយក្រុមហ៊ុន China Real Estate Information Corp (CRIC)។
លោក Yan Yuejin អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានអះអាងថា “ទិន្នន័យចុងក្រោយបំផុតនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីនិន្នាការវិជ្ជមាន ដែលសរបង្ហាញពីសញ្ញានៃស្ថិរភាព និងការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យចិន”។
លោកបានបន្ថែមថា “ការផ្លាស់ប្តូរជាមូលដ្ឋាន កំពុងទទួលបានភាពទាក់ទាញ រួមទាំងកិច្ចព្រមព្រៀងទិញផ្ទះ ប្រភេទទី២(Second-hand home)”។
លោក Yan បានបង្ហាញការជឿជាក់ថា ការធ្លាក់ចុះនៃការផ្គត់ផ្គង់ថ្មី និងការកើនឡើងគួរឱ្យកត់សម្គាល់ នៃការទិញផ្ទះនឹងជួយកាត់បន្ថយចំនួនផ្ទះ ដែលនៅសេសសល់ក្នុងស្តុករបស់អ្នកអភិវឌ្ឍន៍(Inventory)។
កាលពីចុងខែកញ្ញាកន្លងទៅ ប្រទេសចិនបានប្រកាសដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ច រួមទាំងការបញ្ចុះអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ និងប្រាក់កក់ ព្រមទាំងលុបចោលការរឹតបន្តឹងលើការទិញផ្ទះ ដើម្បីស្តារទំនុកចិត្តរបស់អ្នកទិញផ្ទះឡើងវិញ និងផ្តល់ហិរញ្ញប្បទាន ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍៕ប្រភព: SCMP៕
