ប្រទេសថៃគ្រោងដាក់ចេញវិធានការជាកញ្ចប់ដើម្បីជួយ សង្គ្រោះទីផ្សារអចលនទ្រព្យ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pichai Chunhavajira បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងពិចារណា ដាក់ចេញវិធានការមួយចំនួន ដើម្បីជួយជំរុញទីផ្សារអចលនទ្រព្យ ក្នុងឱកាសនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសប្តាហ៍នេះ។

លោក Pichai បានអះអាងឱ្យដឹងនៅថ្ងៃច័ន្ទ ទី៤ ខែវិច្ឆិកាថា ក្រសួងហិរញ្ញវត្ថុ នឹងស្នើឱ្យគណៈរដ្ឋមន្ត្រីអនុម័ត កញ្ចប់ថវិកាចំនួន៥៥ពាន់លានបាតក្នុងគោលបំណង ដើម្បីបញ្ចេញប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបចំនួន៣លានបាត ក្នុងមួយនាក់សម្រាប់អ្នកទិញផ្ទះ។

ក្រសួងក៏គ្រោងស្នើកញ្ចប់ថវិកា ចំនួន៥ពាន់លានបាតសម្រាប់ផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបចំនួន១០០.០០០បាតក្នុងមួយនាក់ ដើម្បីចំណាយលើការជួសជុលផ្ទះ។

បន្ថែមពីលើនេះ លោក Pichai បានបង្ហើបឱ្យដឹងថា លោកនឹងស្នើឱ្យគណៈរដ្ឋមន្ត្រី អនុម័តថវិកាចំនួន១០ពាន់លានបាតបន្ថែមទៀត ដើម្បីផ្តល់ប្រាក់កម្ចីដល់កម្មករ សម្រាប់ការទិញផ្ទះ ដោយសហការជាមួយក្រសួងការងារ។

ជាពិសេស ក្រសួងហិរញ្ញវត្ថុថៃ គ្រោងជំរុញ​ឱ្យ​ការ​បន្ត​កាត់​បន្ថយ​នូវថ្លៃ​ផ្ទេរ​​លំនៅដ្ឋាន និង​ថ្លៃបញ្ចាំ​មក​នៅត្រឹមកម្រិត០,០១% ព្រោះវិធានការនេះ នឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ។

លោក Pichai អះអាងថា ក្រសួងហិរញ្ញវត្ថុកំពុងរៀបចំសេចក្តីលម្អិត នៃកញ្ចប់វិធានការដ៏ធំមួយ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ។

លោកបានមានប្រសាសន៍ឱ្យដឹងទៀតថា “លោកក៏កំពុងពិចារណាផងដែរ ក្នុងការកាត់បន្ថយអនុបាត រវាងទំហំប្រាក់កម្ចី ធៀបទៅនឹងតម្លៃអចលនទ្រព្យ (Loan to Value) ដើម្បីអនុញ្ញាតឱ្យធនាគារនានា អនុម័តប្រាក់កម្ចីដល់អ្នកទិញផ្ទះកាន់តែងាយស្រួល។

ចំណែក លោក Pornnarit Chuanchaisit ប្រធាន​អង្គការ​អចលនទ្រព្យ​ថៃ ​បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​ថៃ ​កាត់បន្ថយ​គោលនយោបាយ អត្រា​ការប្រាក់​​ម្តងទៀត ​ដើម្បី​ជំរុញ​ការ​ស្ទុះងើប​ឡើងវិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​។

លោកបានស្នើឱ្យរដ្ឋាភិបាលថៃ ប្រកាសដាក់ចេញនូវវិធា​នការជាកញ្ចប់ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ រួមទាំងការបន្ធូរបន្ថយនូវវិធានការរឹតបន្តឹង អនុបាតរវាងទំហំប្រាក់កម្ចីធៀបទៅនឹងតម្លៃអចលនទ្រព្យ (Loan to Value)ផងដែរ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here