ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលទីក្រុងប៉េកាំងរបស់ប្រទេសចិនសម្រេចមិនកំណត់តម្លៃលើការលក់ដីលំនៅដ្ឋានជាលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំ សំដៅអនុញ្ញាតឱ្យទីផ្សារមានសិទ្ធិកំណត់តម្លៃដីដោយខ្លួនឯង ក្នុងគោលបំណងស្តារវិស័យអចលនទ្រព្យឱ្យស្ទុះងើបឡើងវិញ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយពីគណៈកម្មការរៀបចំផែនការ និងធនធានធម្មជាតិក្រុងប៉េកាំងបានឱ្យដឹងថា ដីលំនៅដ្ឋានមួយកន្លែងដែលមានទំហំ៦៣.៧០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងស្រុក Fengtai មានតម្លៃប្រមាណ១,៥ពាន់លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍បានបន្តថា គម្រោងអគារមានផ្ទៃក្រឡាចំនួន១៧៨.៣០០ម៉ែត្រការ៉េនឹងត្រូវបានសាងសង់នៅលើទីតាំងនេះ។ដីនេះស្ថិតនៅចំណុចប្រសព្វនៃខ្សែរថភ្លើងក្រោមដីចំនួន២ខ្សែ ហើយមានទីតាំងនៅជិតផ្សារទំនើប និងសួនកម្សាន្ត ក៏ដូចជាមជ្ឈមណ្ឌលដឹកជញ្ជូន ដែលតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង-ដាស៊ីង ក្នុងរយៈពេល២០នាទី។
សេចក្តីថ្លែងការណ៍ខាងលើក៏មិនបានកំណត់អំពីតម្លៃដី ឬណែនាំឱ្យអ្នកអភិវឌ្ឍន៍ត្រូវអនុវត្តន៍តាមការកំណត់តម្លៃណាមួយពីរដ្ឋបាលក្រុងនោះទេ។ នេះក៏ជាការបើកឱកាសឱ្យទីផ្សារអាចកំណត់តម្លៃដីដោយខ្លួនឯងជាលើកដំបូងគិតចាប់តាំងពីខែមីនា ឆ្នាំ២០២១។
ការរឹតបន្តឹងនាពេលនោះបានបន្សល់ទុកចន្លោះប្រហោងតិចតួចសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការកែសម្រួលតម្លៃផ្ទះថ្មី ដោយរារាំងការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។
វិស័យអចលនទ្រព្យចិនបានដាំក្បាលចុះយ៉ាងគំហុកចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងច្បាប់ស្តីពីការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
ក្រុមអ្នកវិភាគនៅក្រុមហ៊ុន China Index Academy បានអះអាងថា “ការលុបចោលនូវការកំណត់តម្លៃដីដោយរដ្ឋបានធ្វើឡើង ស្របពេលទំនុកចិត្តទីផ្សារធ្លាក់ចុះ។ ការធ្លាក់ចុះនៃទីផ្សារដីធ្លីក៏បានបង្ខំឱ្យទីក្រុងជាច្រើនលុបចោលការរឹតបន្តឹងលើតម្លៃដីនៅឆ្នាំ២០២៤នេះផងដែរ”៕ប្រភព: SCMP៕