ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបបានឱ្យដឹងថា កម្ពុជាបានផលិតដុំមាសពាក់កណ្តាលសម្រេចមានអត្រាមាស៩០ភាគរយ (Gold Dore Bars) ចំនួនជិត១៣តោន ចាប់តាំងពីការជីកយករ៉ែពាណិជ្ជកម្មបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២១។
លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន បណ្តាក្រុមហ៊ុនចំនួន១០ បាននិងកំពុងចម្រាញ់មាសនៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តបាត់ដំបង។
តួលេខខាងលើនេះត្រូវបានបង្ហើបឱ្យដឹងខណៈពេលដែលអាជ្ញាធរកំពុងបំពេញបេសកកម្មបង្ក្រាបប្រតិបត្តិការរុករករ៉ែមាសដោយខុសច្បាប់។
លោក អ៉ឹង ឌីប៉ូឡា បានបន្ថែមថា ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Renaissance Minerals នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងដំណើរការទៅតាមផែនការអាជីវកម្មរបស់ខ្លួន។ ដំណឹងនេះជាសក្ខីកម្មមួយបង្ហាញអំពីធនធានរ៉ែដ៏សម្បូរបែបរបស់កម្ពុជា និងចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងពីបណ្តាក្រុមហ៊ុនរុករករ៉ែអន្តរជាតិ។
លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីអំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យថា “ក្រុមហ៊ុន Renaissance Minerals Cambodia Ltd. នៅក្នុងខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់បំផុតប្រហែល១២.៥៣៦គីឡូក្រាម ខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតទទួលបានទិន្នផលទាប”។
កម្ពុជាបានចាប់ផ្តើមទាញយកមាសជាលើកដំបូងនៅឯការដ្ឋានជីកយករ៉ែមាសក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីនៅក្នុងខែមិថុនា ឆ្នាំ២០២១។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Xinhua។
ក្រុមហ៊ុន Renaissance Minerals ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី ជាអ្នកអភិវឌ្ឍន៍ទីតាំងការដ្ឋានជីករុករករ៉ែមាសនៅទីនោះ៕ប្រភព: Xinhua៕