ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជាប់ឆ្នោតជាថ្មីរបស់លោកដូណាល់ត្រាំ (Donald Trump)ជាប្រធានាធិបតីសហរដ្ឋអាមេរិក បានរុញច្រានសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចូលក្នុងស្ថានភាពមិនប្រាកដប្រជា។
លោក Trump បានប្រកាសផែនការរបស់លោកក្នុងការដាក់ពន្ធគយយ៉ាងតិច៦០ភាគរយលើការនាំចូលទំនិញគ្រប់មុខទាំងអស់ពីប្រទេសចិន និងការដាក់ពន្ធចន្លោះពី១០%ទៅ២០%លើទំនិញបរទេសផ្សេងទៀត។
ការណ៍នេះនឹងបង្កើនអត្រាពន្ធដល់កម្រិតមួយដែលមិនធ្លាប់មាន ចាប់តាំងពីពេលផ្ទុះវិបត្តិសេដ្ឋកិច្ចសកលចន្លោះពីឆ្នាំ១៩២៩ដល់ឆ្នាំ១៩៣៩។
កំណើនសេដ្ឋកិច្ចពិភពលោកនឹងទទួលរងផលប៉ះពាល់ ព្រោះប្រជាជនអាមេរិកនឹងកាត់បន្ថយការទិញផលិតផលបរទេស ជាពិសេស ប្រសិនបើប្រទេសនានាបានដាក់ពន្ធសងសឹកលើការនាំចូលរបស់សហរដ្ឋអាមេរិកវិញ។
ធនាគារស្វីស UBS បានប៉ាន់ប្រមាណថា ការដាក់ពន្ធ៦០ភាគរយលើទំនិញចិន និងពន្ធទូទៅ១០ភាគរយនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកអស់មួយភាគរយនៅឆ្នាំ២០២៦។
ដោយឡែក យោងតាមការសិក្សាមួយផ្សេងទៀតពីក្រុមអ្នកវិភាគនៅសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ បានព្យាករណ៍ថា ផលទុនជាតិសរុប(GDP)របស់ប្រទេសចិន និងផលទុនជាតិសរុបរបស់សហភាពអឺរ៉ុបនឹងថយចុះក្នុងរង្វង់០,៦៨ភាគរយ និង០,១១ភាគរយរៀងគ្នា។
ទន្ទឹមនឹងនោះ ផលទុនជាតិសរុបរបស់ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងប្រេស៊ីល នឹងខាតបង់អស់០,០៣ភាគរយ ០,០៦ភាគរយ និង០,០៧ភាគរយរៀងៗគ្នា។នេះបើយោងតាមការសិក្សា។
កាលពីខែកញ្ញា លោក Trump បានគំរាមកំហែងដាក់ពន្ធចំនួន២០០ភាគរយលើផលិតផលរបស់ក្រុមហ៊ុនផលិតផ្នែកកសិកម្ម John Deere ប្រសិនបើក្រុមហ៊ុននេះផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសម៉ិកស៊ិក។
ផែនការសេដ្ឋកិច្ចរបស់លោក Trump ក៏អាចគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកតាមវិធីផ្សេងទៀតផងដែរ។តម្លៃប្រាក់ដុល្លារអាមេរិក និងអត្រាអតិផរណានឹងហក់ឡើងខ្ពស់ ដោយសារតែគោលនយោបាយពន្ធរបស់លោក Trump។ ការណ៍នេះក៏អាចជំរុញឱ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ផងដែរ។
នៅពេលប្រាក់ដុល្លារហក់ឡើងថ្លៃ រូបិយប័ណ្ណរបស់បណ្តាប្រទេសផ្សេងទៀតនឹងធ្លាក់ថ្លៃចុះ ដែលធ្វើឲ្យតម្លៃទំនិញនាំចូលស្ទុះងើបឡើងថ្លៃ។
បន្ថែមលើសពីនេះ ការហក់ឡើងនៃតម្លៃប្រាក់ដុល្លារក៏ធ្វើឱ្យរដ្ឋាភិបាលរបស់ប្រទេសនានាកាន់តែមានបន្ទុកធ្ងន់ ក្នុងការទូទាត់សងបំណុលដែលគិតជាប្រាក់ដុល្លារ។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគក៏បង្ហាញក្តីបារម្ភអំពីការបំពានរបស់ Trump ចំពោះឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក (Federal Reserve) ដែលជាស្ថាប័នទទួលបន្ទុកសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់ដ៏មានឥទ្ធិពលជាសកល។
ការកំណត់យកធនាគារកណ្តាលអាមេរិកមកធ្វើជាអាវុធនយោបាយ នឹងអាចធ្វើឱ្យពិភពលោកបាត់បង់ការជឿជាក់លើប្រាក់ដុល្លារ និងមូលបត្របំណុលអាមេរិក ជាមួយនឹងផលវិបាក និងមហន្តរាយសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់ពិភពលោក។
កាសែត Financial Times ធ្លាប់បានព្រមាននៅក្នុងបទវិចារណកថារបស់ខ្លួនកាលពីដើមឆ្នាំនេះថា “ប្រសិនបើទីផ្សារហិរញ្ញវត្ថុជឿថា ឯករាជ្យភាពរបស់ធនាគារ Fed ត្រូវបានបំពាននៅក្រោមរដ្ឋបាលរបស់លោក Trump នោះវានឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ”៕ប្រភព: Aljazeera៕